ក្របខ័ណ្ឌបាល់ទាត់អុីតាលី Serie A បានជ្រើសរើសកីឡាករខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus គឺកីឡាករ Paulo Dybala ជាកីឡាករឆ្នើមប្រចាំរដូវកាល ២០១៩-២០២០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃពុធ ទី៥ សីហានេះ។
កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានស៊ុតបាល់បញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១០គ្រាប់នៅ SerieA, Coppa Italia និង Supercoppa Italian អំឡុងរដូវកាលនេះ។ Dybalaបានជួយក្រុមសេះបង្កង់ឈ្នះពានរង្វាន់ Serie A ជាលើកទី៥ របស់ខ្លួនបន្ទាប់ពីលេងរយៈពេល៨រដូវកាលនៅប្រទេសអុីតាលីជាមួយក្រុម Palermo និងក្រុម Juventus ។
កីឡាកររូបនេះត្រូវបានជ្រើសរើស និងយកឈ្នះមិត្តរួមក្រុមរបស់គាត់គឺខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទទួលបានរង្វាន់ MVP នៅឆ្នាំ២០១៨-២០១៩ ។
ទន្ទឹមនឹងនេះកីឡាករ Wojciech Szczesny ត្រូវបានគេតែងតាំងជាអ្នកចាំទីល្អជាងគេ ហើយកីឡាករ Stefan De Vrij ទទួលបានពានរង្វាន់ជាខ្សែការពារឆ្នើម, កីឡាករ Alejandro Papu Gomez ទទួលបានពានរង្វាន់ជាខ្សែបំរើឆ្នើម, ខ្សែប្រយុទ្ធទទួលបានស្បែកជើងមាសបានទៅលើកីឡាករ Ciro Immobile និងកីឡាករ Dejan Kulusevski ជាកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំរដូវកាលនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំដំបូងត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៩៧ ដោយមានកីឡាករឆ្នើមៗជាច្រើន ប៉ុន្តែមានកីឡាករជនជាតិអាហ្សង់ទីនតិចតួចទេដែលបានទទួលពានរង្វាន់នេះ។ ក្នុងនោះមានតែកីឡាករជនជាតិអាហ្សង់ទីន៣រូបដូចជា អតីតកីឡាករ Diego Milito ក្នុងឆ្នាំ២០១០ អតីតកីឡាករ Carlos Tevez ក្នុងឆ្នាំ២០១៥ និងកីឡាករ Mauro Icardi ក្នុងឆ្នាំ២០១៨ ដែលអាចត្រូវបានជ្រើសរើសជាកីឡាករឆ្នើមៗនាពេលកន្លងទៅ ៕ដោយ៖ភារៈ