ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រជាកសិករកុំធ្វើស្រូវបង្កើនរដូវដែលកំពុង​ជួប​ប្រឈម​ខ្វះ​ប្រភពទឹក​ស្រោចស្រព​

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ សូមប្រជា កសិករ ដែល​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក កុំធ្វើស្រូវបង្កើនរដូវ ខណៈដែល​មូលដ្ឋាន​របស់ខ្លួន កំពុង​ជួប​ប្រឈម​ខ្វះ​ប្រភពទឹក​ស្រោចស្រព​។​

នេះជាការអំពាវនាវរបស់លោក ងួន​រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងពេល​លោកចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ក្នុងស្រុក​ថ្មគោល និង​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២០​នេះ ដោយមានថ្នាក់ដឹកនាំមន្ទីរជំនាញសំខាន់ៗមួយចំនួន ចូលរួមមាន មន្ទីរ​សេដ្ឋកិច្ច​និង​ហិញ្ញ​វត្ថុ​ខេត្ត មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មាញ់និងនេសាទខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ព្រមទាំងអាជ្ញាធរនៃស្រុក២ខាងលើ ផងដែរ។

​តាមរបាយការណ៍អាជ្ញាធរខេត្តបាត់ដំបង និង​គណៈកម្មាធិការ​គ្រោះមហន្តរាយ​ខេត្តបាត់ដំបង បាន​អះអាង អំពី​គ្រោះរាំងស្ងួត​ខ្វះ​ទឹក បង្ក​ឲ្យខូចខាតដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ​រាប់ពាន់​ហិកតា កន្លងមកនេះ​។ ការចុះទៅ​ពិនិត្យមើល​និង​ចុះទៅពិនិត្យ វាយតម្លៃ​ពី​ស្ថានភាព​ទឹក​និង​ការងារ​ដាំ​ដុះ បង្កបង្កើនផល​ស្រូវវស្សា​របស់​បងប្អូន​ក​សិ​ករ នៅ​ទូទាំង​ខេត្តបាត់ដំបង ការដាំដុះ​នូវ​ដំណាំ​ស្រូវវស្សា​ប្រមាណ ៨០​ភាគរយ ដែល​ប្រជាកសិករ​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ប្រមាណ​ជាង​៣៧​ម៉ឺន​ហិកតា កន្លងមកនេះឃើញថា មាន​សមានស្ថានភាពដាំដុះបានល្អប្រសើរ តែក្នុងនោះ២០ភាគរយទៀត កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ស្រោចស្រព​។​

​លោក ឈឹម វជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មាញ់និងនេសាទខេត្តបាត់ដំបង បបានបញ្ជាក់ថា ដំណាំ​ស្រូវ ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ទាំងនោះ គឺ​សុទ្ធ​ជា​ប្រភេទ “​ស្រូវ​បង្កើន​រដូវ​” ដែល​បងប្អូន​ប្រជាកសិករ បាន​ដាំ​ដុះ​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភពទឹក និង​មួយចំនួនទៀត​នៅ​តំបន់​ដែល​ប្រភពទឹក ត្រូត្រូវបានប្រើប្រាស់ស្ទើរអស់ទៅហើយ។ លើ​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង និង​ស្រូវ​ដើមរដូវ​កន្លងទៅនេះគឺគ្មានលទ្ធភាពទាញយកប្រភពទឹកស្រោចស្រពបាន​ទៀត​នោះឡើយ។

ប្រជាកសិករ និង​លោក​មេឃុំ​បន្សាយ​ត្រែង បាន​ប្រាប់​ឲ្យ​ដឹងថា ជា រៀងរាល់ឆ្នាំ​នៅ​រដូវ​ខែ​នេះ មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់ សម្រាប់ប្រជាកសិករបង្កបង្កើនផលប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ទឹកភ្លៀង​ធ្លាក់​មិនបាន​គ្រប់គ្រាន់ ហើយ​ទឹកហើយទឹកក្នុងប្រឡាយក៏ស្ទើរតែអស់ដែរ។ 

ចំណែក​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបងវិញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ដើមរដូវ​វស្សា​មកដល់ពេលនេះ ខេត្តបាត់ដំបង ទទួលបាន​នូវ​របាយ​ទឹកភ្លៀង នូនូវក្នុងកម្រិតតិចតួចណាស់ ហើយក៏​មិនបាន​រាយប៉ាយ​ឲ្យ​បាន​សព្វគ្រប់​ទីកន្លែង​នោះដែរ។ ដោយសារតែ​ការធ្លាក់​ភ្លៀង មិនបាន​ល្អ​នេះ គឺ​វា​បាន​បង្ក​និង​ធ្វើឱ្យ​ការងារ​ដាំ​ដុះ​បង្កបង្កើនផល​ស្រូវវស្សា នៅ​តំបន់​មួយចំនួន​តាម​បណ្តា​ស្រុក កំពុងតែ​ជួប​នូវ​បញ្ហា​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹក​ស្រោចស្រព​ស្រែនិងមានផលប៉ះពាល់ដល់ការបង្កបង្កើនដំណាំផ្សេងៗរបស់ប្រជាកសិករផងដែរ៕ ដោយ៖ប្រាថ្នា


ចែករំលែក៖