ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ចាត់ទុកនិស្សិតមានឱកាសបានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ និស្សិតមានឱកាសបានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា។ នេះជាការថ្លែងពី លោក ហ៊ុន ម៉ាណែតនាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិតជ័យលាភីដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ ។
លោក ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិតដែលទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅជប៉ុន គឺជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា ក្នុងការរួមចំណែករុញច្រានសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវបទពិសោធន៍ពីប្រទេសជប៉ុន ដើម្បីមកអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែជឿនលឿនបន្តទៀត។
លោកបានផ្តល់អនុសាសន៍ឲ្យត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបាន ១២០% ដោយ ១០០% សិក្សានៅក្នុងថ្នាក់ និង ២០% ទៀត សិក្សាស្វែងយល់បន្ថែមទៀតពីបរិយាកាសនៅខាងក្រៅ ដោយត្រូវចេះបង្កើននូវទំនាក់ទំនង និងមិត្តភាពជាមួយបណ្តានិស្សិតដទៃទៀត និងឆ្លៀតឱកាសធ្វើជាអគ្គរាជទូតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាព្វនូវវប្បធម៌ ក៏ដូចជាអារ្យធម៌ ព្រមទាំងតំបន់ទេសចរដែលមានសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និស្សិតជ័យលាភីអាហាររូបករណ៍ JDS និស្សិតជ័យលាភីអាហាររូបករណ៍ MEXT និងអតីតនិស្សិតអាហាររូបករណ៍សរុបចំនួន ១២១នាក់៕

ដោយ៖សិលា


ចែករំលែក៖