ខេត្តសៀមរាប ៖ ជាទូទៅតាំងពីបុរាណរៀងមកគេធ្លាប់បានដឹងតែពីការចិញ្ចឹម ដង្កូវនាងដើម្បីផលិតសរសៃសូត្រលក់និងមានភាពល្បីល្បាញលើសកលលោក។ ប៉ុន្តែសម្រាប់អ្នកស្រី ហ៊ើយ រ៉ា ដែល រស់នៅក្នុងតំបន់អង្គរមានរបរមួយប្រចាំ គ្រួសារ គឺការដើរចាប់មេអំបៅលក់។
អ្នកភូមិបានឱ្យដឹងថា អ្នកស្រីហ៊ើយ រ៉ាដើរចាប់មេអំបៅពីកន្លែងមួយទៅកន្លែងមួយ ដើម្បីផ្គត់ផ្គង់តាមភោជនីយដ្ឋានដែលមាន តម្រូវការមេអំបៅសម្រាប់ការលម្អ ក៏ដូចជាភាពទាក់ទាញដល់ភ្ញៀវជាតិ-អន្តរជាតិ ក៏ដូចជាការអភិរក្សមេអំបៅឱ្យបានច្រើន ប្រកបដោយសោភណភាព ធម្មជាតិ។
មុខរបរនេះមានរយៈពេលប្រមាណ២០ ឆ្នាំមកហើយដែលគ្រួសារអ្នកស្រី ហ៊ើយ រ៉ា រស់នៅភូមិវាល សង្កាត់គោកចក ក្រុង -ខេត្តសៀមរាប ចាប់យកជារបរដើរចាប់ មេអំបៅដ៏ជំនាញដើម្បីលក់តាមហាង ឬ ភោជនីយដ្ឋានក្នុងក្រុងសៀមរាប ។
អ្នកស្រីបានថ្លែងថា ជារៀងរាល់ថ្ងៃ អ្នកស្រី រួមនិឹងកូនៗត្រូវចែកគោលដៅគ្នាដើម្បីតាមចាប់មេអំបៅដែលពេលខ្លះនៅជិះផ្ទះ ពេលខ្លះដើរចាប់នៅឆ្ងាយពីផ្ទះ ។
អ្នកស្រីអះអាងថា ចាប់ក្នុងព្រៃខាងកើត អង្គរ ជួនកាលពេលខែអត់ក៏មិនសម្បូរ មេអំបៅ បង្ខំចិត្តទៅរកនៅជិតភ្នំបាខែងដោយជិះកង់ឌុបកូនទៅ ហើយដល់ខែវស្សាមេអំបៅសម្បូរក៏ចាប់ជិតផ្ទះទៅមិនចំណាយពេលនិងចម្ងាយផ្លូវឆ្ងាយដូចរដូវប្រាំងឡើយ។
សូមជម្រាបថា ក្រៅពីចាប់មេអំបៅលក់ អ្នកស្រី រ៉ា វ័យជិត៥០ឆ្នាំ ក៏ប្រមូលចាប់ពពួកដង្កូវសម្រាប់ភ្ញាស់ជាមេអំបៅផងដែរ ។ អ្នកស្រីប្រាប់ថា ការ ភ្ញាស់នេះអាស្រ័យតាមពូជដង្កូវ ខ្លះ១សប្ដាហ៍ ខ្លះកន្លះខែ ទើបអាចញាស់ជាមេអំបៅយកទៅលក់បាន ។ ជារបរដែលមានចំណូលទាបក៏ពិតមែន តែអ្នកស្រី រ៉ា រំឭកថា វាបានជួយដោះស្រាយជីវភាពគ្រួសារអ្នកស្រីបានជា
រហូតមកដូចជា បានទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារជាដើម ។ តែបច្ចុប្បន្ន អ្នកស្រីមានពេលសម្រាកច្រើនដោយសារ វិបត្តិជំងឺកូវីដ-១៩ ភោជនីយដ្ឋានមិនសូវ កុម្ម៉ង់មេអំបៅទេ។
តាមពិតទៅការងារអ្វីក៏មានតម្លៃដែរ ឱ្យតែប្រកបដោយភាពសុចរិត ទៀងត្រង់ និងមានឱកាសទាញបានផលសម្រាប់ដោះស្រាយជីវភាពគ្រួសារ ៕ដោយ៖ សហការី