អន្តរជាតិ៖ ក្រោយការផ្ទុះយ៉ាងខ្លាំងនៅទីក្រង Beirut ប្រទេសលីបង់កាលពីថ្ងៃទី៤ខែសីហា បង្កឲ្យខាតបង់យ៉ាងធំធេងទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។ នៅថ្ងៃទី ៩ខែសីហា តាមសំណើររបស់ភាគីវៀតណាម រដ្ឋមន្ត្រីការបរទេស សមាគមន៍អាស៊ាន បានចេញសេចក្តីប្រកាសរួម ស្តីពីហេតុការផ្ទុះខាងលើ។
បណ្តារដ្ឋមន្ត្រីអាស៊ាន បានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលលីបង់ និងគ្រួសារជនរងគ្រោះ។ អាស៊ាន បានបញ្ជាក់ពីសាមគ្គីភាព ជាមួយលីបង់ ក្នុងការឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ អាស៊ាសង្ឃឹមថា ស្ថានភាពនៅលីបង់នឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។
ក្រោយមានព័ត៌មានថា ពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងប្រទេសជាសមាជិកអាស៊ាន រងរបួសនៅក្នុងហេតុការផ្ទុះនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានសន្យាថា នឹងជួយដល់ពលរដ្ឋ ដែលរងរបួសទាំងនោះទទួលបានការថែទាំយ៉ាងល្អបំផុត។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានសន្យាថានឹងរក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់មួយប្រកបដោយសន្តិភាព ស្ថេរភាព សន្តិសុខ និងអព្យាក្រឹត ចំពោះមុខ ការកើនឡើងនៃការប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញថាកំពុងប្រជែង ដណ្ដើមឥទ្ធិពលគ្នាកាន់តែខ្លាំង នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលប្រទេសជាសមាជិកអាស៊ានមួយចំនួនដូចជា វៀតណាម, ហ្វីលីពីន, ប្រ៊ុយណេ និងម៉ាឡេស៊ី កំពុងមានជម្លោះដែនទឹកជាមួយចិន។ អ្នកជំនាញជាច្រើន បានបង្ហាញក្ដីបារម្ភថា បញ្ហាសមុទ្រចិនខាងត្បូង អាចនឹងក្លាយជាទីដែលអាមេរិក និងចិន ប្រឈមមុខដាក់គ្នា ដោយផ្ទាល់នៅពេលអនាគត ហើយបើសិនជាជម្លោះរវាងមហាអំណាចទាំង២ ផ្ទុះឡើងនៅថ្ងៃណាមួយ វាក៏អាចនឹងបង្ខំឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ បង្ខំចិត្ត ត្រូវជ្រើសរើសថា គួរឈរនៅខាងចិន ឬក៏សហរដ្ឋអាមេរិក ផងដែរ៕ដោយ៖ធី រីណា