ខេត្តស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយអាជ្ញាធរស្រុកសេសាន ពង្រឹងយន្តការអភិរក្សធនធានជីវចម្រុះ និងមច្ឆជាតិនៅខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរដោយបង្កើតឱ្យមានទីស្នាក់ការនិងដាក់មន្ត្រីប្រចាំការនៅទីនោះ។
ក្នុងឱកាសចុះពិនិត្យទីស្នាក់ការប្រចាំការអភិរក្សធនធានមច្ឆជាតិ នៅខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថា៖ តំបន់នេះត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់បញ្ចូលជាតំបន់អភិរក្សធនធានមច្ឆជាតិនិងឱ្យរដ្ឋបាលជលផលអនុវត្តឱ្យមានប្រសិទ្ធភាព ទើបនៅរដូវបិទនេសាទនេះខណ្ឌជលផលរួមគ្នារៀបចំយន្តការនិងបង្កើតឱ្យមានស្នាក់ការអភិរក្សនេះឡើង។
លោកនាយខណ្ឌបានពន្យល់ថា បញ្ហានេះភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗបន្ថែមទៀតបានន័យថាទាំងអាជ្ញាធរ ឃុំ ស្រុក និងប្រជានេសាទផង ត្រូវរួមគ្នា ដោយគិតថាធនធានទាំងអស់នេះ ជារបស់យើងទាំងអស់គ្នាមិនមែនជា របស់បុគ្គលណាម្នាក់ឡើយ។
លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ តំបន់នេះអាជ្ញាធរបានខិតខំប្រឹងប្រែងសហការជាមួយប្រជាសហគមន៍ ហើយបានដាក់កម្លាំងឱ្យមកប្រចាំការចំនួន៣នាក់ឱ្យចុះល្បាតជាប្រចាំ ដើម្បីអភិរក្សត្រីមេពូជផងនិងការពារដល់ពពួកសត្វស្លាបផង ជាពិសេសសត្វននៀលខ្យងដែលវាមករស់នៅតំបន់នេះ។
លោក សុខ ណាវី ប្រធានសហគមន៍នេសាទឃុំស្រែគរបានបញ្ជាក់ថា តាមរយៈការចុះល្បាតសង្កេតឃើញ
ប្រជាអ្នកនេសាទភាគច្រើនបានយល់ដឹងពីច្បាប់ជលផលហើយ តែនៅមានជនខិលខូចមួយចំនួនដែលចេះតែលួចលាក់ធ្វើសកម្មភាពបទល្មើស នេសាទខុសច្បាប់។
លោកអះអាងថា ការប្រព្រឹត្តខុសនោះគឺភាគច្រើនជនសង្ស័យធ្វើសកម្មភាពឆក់ ប្រភេទទី១ឆក់ក្តៅ ទី២ឆក់ត្រជាក់ ហើយបទល្មើសបន្ទាប់បន្សំទៀតដូចជាលួចដាក់មង ក្នុងតំបន់ហាមឃាត់ជាដើម ។
សូមបញ្ជាក់ថា តំបន់ខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចេញប្រកាសលេខ៥៥៥ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ស្តីពីការបង្កើតកន្លែងអភិរក្សជលផល ដែលមានទំហំផ្ទៃ(៦.១៤៣ហិកតា)ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តឱ្យមានប្រសិទ្ធភាព៕
ប្រភព៖ វិទ្យុជាតិកម្ពុជា