ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ក្នុងឆ្នាំ២០១៧-២០១៨

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨ ។

 លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ក្នុងឆ្នាំ២០១៧-២០១៨កន្លងទៅនេះ ត្រូវបានពិនិត្យឃើញថា ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធបាននិងកំពុងអនុវត្តនូវវិធានការ គោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវនិងស្ថិតក្នុងទិសដៅត្រឹមត្រូវដែលអាចឈានទៅសម្រេចគោលដៅដែលបានកំណត់នៅឆ្នាំ២០២៥ ។ 

លោកបន្តថា ជាលទ្ធផលការអនុវត្តគោលនយោបាយនេះ ទទួលបាននូវវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដែលត្រូវបានធ្លុះបញ្ជាំងតាមរយៈការសម្រេចបានជាបន្តបន្ទាប់នូវគោលដៅចម្បងទាំងបីនិងវិធានការគន្លឹះបួនជាក់ស្ដែងនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា។ ទន្ទឹមនឹងនេះការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជានារយៈកាលកន្លងមក បានជួបប្រទះនូវបញ្ហាប្រឈមនិងហានិភ័យមួយចំនួនដែលតម្រូវឱ្យតួអង្គពាក់ព័ន្ធទាំងអស់រួមមាន ស្ថាប័នជាតិ វិស័យឯកជននិងដៃគូអភិវឌ្ឍន៍ បន្ដកិច្ចសហការក្នុងការគ្រប់គ្រង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត និងទាន់ពេលវេលា។ ពិសេសធ្វើការបន្ស៉ីទៅនឹងសភាពការណ៍ដែលមានការប្រែប្រួលឥតឈប់ឈរ ដើម្បីធានាភាពជោគជ័យនៃគោលនយោបាយនេះ ។

សូមបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាល បានចងក្រងឡើង មានគោលដៅចម្បងសំខាន់ចំនួន៣រួមមាន៖ ទី១៖ ការកែប្រែ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស ឱ្យបាន៣០% នៅឆ្នាំ២០២៥ ក្នុងនោះវិស័យកម្មន្តសាលត្រូវកើនដល់២០% ។ ជាក់ស្ដែងអនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស បានកើនឡើងពី ២៧,៧% នៅឆ្នាំ២០១៥ ដល់ ៣២,៦% នៅឆ្នាំ២០១៨ ពោលគឺសម្រេចបានមុនគោលដៅបានកំណត់នៅឆ្នាំ២០២៥។ 

គោលដៅទី២៖ បង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ) ឱ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ជំរុញនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។ ជាក់ស្តែង៖ ចំណែកនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការថយចុះជាលំដាប់ពី ៧១.៦% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០១៥ មកត្រឹម ៦៩.២% នៅឆ្នាំ២០១៨។ ដោយឡែក ការនាំចេញសរុប នៅឆ្នាំ២០១៥ ដល់ ១៣.៣% នៅឆ្នាំ២០១៨ គឺសម្រេចបានប្រមាណ ៨៨.៦% បើធៀបនឹងគោលដៅឆ្នាំ២០២៥។

ទិន្នន័យទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាបានកំពុងធ្វើពិពិធកម្មមុខទំនិញនាំចេញរបស់ខ្លួនជាបន្តបន្ទាប់ និងបន្តជំរុញកំណើននៃការនាំចេញកសិផលកែច្នៃឱ្យកាន់តែសម្បូរបែប ដោយមិនពឹងផ្អែកតែលើការនាំទំនិញកម្មន្តសាលផ្នែកសំលៀកបំពាក់ និងស្បែកជើងនោះទេ។ គោលដៅទី៣៖ នៅឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យម ៨០% និង៩៥%រៀងគ្នា និងត្រូវបានចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសធុនតូច និងមធ្យម ៥០% និង៧០%រៀងគ្នា នឹងមានបញ្ជិកាគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ ៕ដោយ៖សូរិយា


ចែករំលែក៖