មន្ត្រីនិងបុគ្គលិកស្ថានកុងស៊ុលចិននៅទីក្រុង Houston អាមេរិក បានវិលត្រឡប់មកដល់ទីក្រុងប៉េកាំងវិញហើយ កាលពីយប់ថ្ងៃទី១៧ខែសីហា ក្រោយពេលអាមេរិកបិទស្ថានកុងស៊ុលនេះកាលពីចុងខែកក្កដា។
សារព័ត៌មាន China Daily បានផ្សាយថា បុគ្គលិកមន្ត្រីរាជការធ្វើការនៅស្ថានកុងស៊ុលចិនក្នុងទីក្រុងHouston រដ្ឋតិចសាស បានមកដល់ទីក្រុងប៉េកាំងដោយសុវត្ថិភាពតាមជើងហោះហើរពិសេសកាលពីយប់ថ្ងៃទី១៧ខែសីហា។
ពិធីទទួលមន្ត្រីស្ថានកុងស៊ុលចិន នៅអាកាសយានដ្ឋានទីក្រុងប៉េកាំង មានទាំង រដ្ឋមន្ត្រីការបរទេស លោក វ៉ាងយី ផងដែរ ។ មានប្រសាសទៅកាន់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង រដ្ឋមន្ត្រីក្រសួងការបរទេសចិនបាន សរសើរដល់បណ្តាមន្ត្រីស្ថានកុងស៊ុលដែលខិតខំធ្វើការអស់ពីកម្លាំងកាយចិត្ត ក្នុងបរិយាកាសប្រកបដោយគ្រោះថ្នាក់។
លោកវ៉ាងយីបានបញ្ជាក់ទៀតថា« ពួកគាត់បានប្តេជ្ញាការពារផលប្រយោជន៍និងតម្លៃរបស់ប្រទេសជាតិ ក៏ដូចជា ផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័នក្រសួងការបរទេសចិន»។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិង ប៉េកាំងកាន់តែតានតឹង ខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាក់ព័ន្ធ បញ្ហាជាច្រើន ។ កាលពីថ្ងៃទី២១ខែកក្កដា អាមេរិកបានចេញបញ្ជាឲ្យបិទស្ថានកុងស៊ុលចិននៅទីក្រុង Houston ។ ចំណែកចិនវិញក៏បានបិទស្ថានកុងស៊ុលអាមេរិក ផងដែរ៕ដោយ៖ធី រីណា