អន្តរជាតិ៖ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា តាមលទ្ធផលស្រាវជ្រាវរបស់អាមេរិកកូរ៉េខាងជើងមានគ្រាប់បែកបរមាណូរហូតដល់ទៅ៦០គ្រាប់ និងឃ្លាំងអាវុធគីមីសាស្ត្រប្រមាណ៥០០០តោន ។
តាមរបាយការណ៍របស់អាមេរិកបាន ឱ្យដឹងថា កូរ៉េខាងជើងមានគ្រាប់បែកបរមាណូពី ២០-៦០គ្រាប់ ហើយប្រទេសនេះមានសារធាតុអ៊ុយរ៉ានីញ៉ូមអាចផលិតបានគ្រាប់បែកបរមាណូយ៉ាងតិច៦គ្រាប់ក្នុងមួយឆ្នាំ។ ក្រៅពីនេះកូរ៉េខាងជើង ក៏មានអាវុធគីមីសាស្ត្រ ជីវសាស្ត្រប្រមាណ២៥០០ដល់ទៅ៥០០០តោន គឺច្រើនលំដាប់ទី៣លើពិភពលោក។
កម្លាំងទាហានអាមេរិកបានព្រមានថា កូរ៉េខាងជើងកំពុងតែស្រាវជ្រាវ បំពាក់អាវុធជីវសាស្ត្រអាចចម្លងវីរុស ពេលវាយប្រហារទៅលើទីតាំងសត្រូវ។ តាមរបាយការណ៍របស់អាមេរិក កូរ៉េខាងជើងក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន កំពុងតែខិតខំផលិតអាវុធដើម្បីពង្រឹងអំណាចរបស់ខ្លួន ក៏ដូចជាការពារទឹកដីកូរ៉េខាងជើង ។
មេដឹកនាំ កូរ៉េខាងជើងធ្លាប់បានប្រកាសថា មានតែអាវុធបរមាណូប៉ុណ្ណោះ ជារនាំងការពារប្រទេសជាតិដ៏រឹងមាំ ទប់ស្កាត់រាល់ការគំរាមកំហែងវាយប្រហារពីសត្រូវ ។ មួយវិញទៀតកូរ៉េខាងជើង មិនទាន់មានសន្តិភាពពេញលេញនៅឡើយទេដែលជាហេតុធ្វើឲ្យកូរ៉េខាងជើងត្រូវតែផលិតអាវុធការពារខ្លួន។ សង្គ្រាមឆ្នាំ១៩៥០ បានបញ្ជប់ទៅដោយកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ១៩៥៣តែប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពនោះឡើយ៕
ដោយ៖ធី រីណា