អន្តរជាតិ៖ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០២០ថា មន្រ្តីជំនាញបានធ្វើតេស្តទៅលើមនុស្សសរុប២៩៣នាក់ សម្រាប់ស្វែងរកជំងឺ COVID-19 ក្រោយពួកគេបានចូលទៅកម្សាន្តក្នុង KTV មួយកន្លែងចំថ្ងៃតែមួយនឹងមនុស្ស៣នាក់ដែលក្រោយមក ត្រូវបានរកឃើញថាមានវិជ្ជមាន COVID-19 ។
តាមការចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia ដកស្រង់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ការធ្វើតេស្តបង្ការទុកជាមុនមួយ ត្រូវបានរៀបចំឡើងក្រោយក្រសួងបានរកឃើញថា មនុស្ស៣នាក់ដែលឆ្លងជំងឺCOVID-19 បានចូលទៅក្នុងទីតាំង KTV មួយកន្លែងអំឡុងការបើកសាកល្បងកាលពីថ្ងៃទី១ និងទី២ ខែសីហាកន្លងទៅ ។
ក្រោយទទួលដំណឹងនេះ ក្រសួងសុខាភិបាលសិង្ហបុរី បានទាក់ទងមនុស្ស៣២១នាក់ដែលបានចូលកម្សាន្តទីតាំងច្រៀងការ៉ាអូខេនេះ អំឡុងថ្ងៃខាងលើហើយឲ្យពួកគេធ្វើតេស្ត COVID-19។ ក្នុងចំណោមមនុស្សដែលបានធ្វើតេស្តរួចរាល់ លទ្ធផលដំបូងសម្រាប់១៩៣នាក់ គឺអវិជ្ជមាន។ យ៉ាងណាមិញសម្រាប់លទ្ធផលតេស្ត១០០នាក់ផ្សេងទៀត ក្រសួងសិង្ហបុរីពុំទាន់បញ្ចេញលទ្ធផលនោះឡើយ ខណៈអ្នកសេសសល់២៨នាក់ ក្រសួងកំពុងរៀបចំធ្វើតេស្តពួកគេ។
ទូរទស្សន៍ Channel News Asia និយាយទៀតថា ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី ១៤ ខែសីហា បានអះអាងថា អ្នកទាំងនោះ ត្រូវបានអញ្ជើញឲ្យចូលទស្សនា KTV ដែលត្រៀមបើកដំណើរការឡើងវិញ តែពួកគេភាគច្រើនគឺនៅទីនោះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ ត្រង់ចំណុចនេះ ក្រសួងសង្កត់ធ្ងន់ថា គ្មានសកម្មភាពច្រៀងរាំ បានកើតឡើងអំឡុងពេលបើកសាកល្បងនេះឡើយ ។
សូមជម្រាបថា ករណីឆ្លង COVID-19 ទាំងបីដែលបានចូល KTV នៅថ្ងៃទី១ និងទី ២ ខែសីហា គឺរួមមាន ស្ត្រីសិង្ហបុរីអាយុ ៥៧ឆ្នាំ ដែលរកឃើញឆ្លងនៅថ្ងៃទី៨ ខែសីហា, បុរសអាយុ ៥៨ឆ្នាំ ដែលប៉ះពាល់ជាមួយស្ត្រីអាយុ៥៧ឆ្នាំនៅកន្លែងធ្វើចត្តាឡីស័ក ហើយតេស្តឃើញCOVID-19 នៅថ្ងៃទី ១១ខែសីហា, ហើយករណីទី៣ គឺស្ត្រីសិង្ហបុរីអាយុ ៣៩ឆ្នាំ ដែលស្ថិតក្នុងបញ្ជីអ្នកប៉ះពាល់ជាមួយករណីទាំងពីរនេះនិងបានរកឃើញថាឆ្លងនៅថ្ងៃទី ១៥ខែសីហា។
គួរបញ្ជាក់ថា រដ្ឋាភិបាលសិង្ហបុរី កន្លងមកធ្លាប់បានអះអាងថា ទីតាំងកម្សាន្តដូចជា៖ ទីតាំងច្រៀងការ៉ាអូខេ (KTV) ជាដើម មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើង អំឡុងការបន្ធូរបន្ថយការរឹតត្បិត COVID-19 ដំណាក់ទី ២។ បើគិតត្រឹមថ្ងៃទី១៩ ខែសីហា ប្រទេសសិង្ហបុរី មានករណីឆ្លងសរុប ៥៦០៣១ ករណីហើយ ក្នុងនោះអ្នកជាសះស្បើយមាន ៥២ ៨១០នាក់ ខណៈអ្នកស្លាប់មាន២៧នាក់៕ដោយ៖ស តារា