ខេត្តស្វាយរៀង៖ ជនសង្ស័យជាមនុស្សមានជំងឺសរសៃប្រសាទម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីឃាតកម្មបន្ទាប់ពីប្រើហិង្សាយកពូថៅកាប់ទៅលើបងស្រីបង្កើតរួចចងជើងទម្លាក់ក្នុងទឹកបៀ នៅខាងលិចផ្ទះចម្ងាយ៤ម៉ែត្របង្កការភ្ញាក់ផ្អើលកាលពី
វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងភូមិបែកចានឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ងិន សូ អាយុ៦១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកបងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ សោម សាមិន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះជាមួយគ្នា។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនកើតហេតុនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ស្ត្រីរងគ្រោះឈ្មោះសោម សាមិនបានក្រោកពីដំណេកដូចសព្វដង ហើយក៏ចុះពីលើផ្ទះក្នុងគោលបំណងចាប់មាន់ទុកយកទៅលក់នៅផ្សារដើម្បីទិញរបស់របរប្រើប្រាស់។
ប្រភពបន្តថា ខណៈនោះស្រាប់តែជនសង្ស័យជាប្អូនប្រុសដែលជាមនុស្សមានជំងឺសរសៃប្រសាទបានយកពូថៅកាប់ទៅលេីបងស្រីបង្កើតរបស់ខ្លួនរហូតដល់ស្លាប់ ហើយក៏បានធ្វើសកម្មភាពចាប់ចងជើងទម្លាក់ទៅក្នុងទឹកបៀនៅខាងលិចផ្ទះចម្ងាយ៤ម៉ែត្រ។
ក្រោយពីប្រព្រឹត្តិបទល្មើសរួចជនសង្ស័យបានកាន់ពូថៅចូលក្នុងបន្ទប់ក្រោមផ្ទះដាក់គន្លឹះសម្ងំនៅក្នុងនោះរហូតដល់សមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើការសាកសួរយកចម្លើយ ប៉ុន្តែគេឆ្លើយសារភាពពីឆ្វេងទៅស្ដាំស្ដាប់មិនបានទាល់តែសោះ។
សូមបញ្ជាក់ថា ករណីឃាតកម្មដ៏សាហាវនេះគឺបងប្អូនអ្នកភូមិនៅជាមួយគ្នាស្មានថាគាត់ទៅវត្ត លុះដល់ម៉ោង១០ព្រឹកទើបឃើញសពអណ្ដែតទឹកបៀបង្កការភ្ញាក់ផ្អើលតែម្ដង៕
ដោយ៖យឹម សុថាន