ខេត្តតាកែវ៖ ដើម្បីជួយឲ្យជីវភាពរបស់ប្រជាកសិករ កាន់តែល្អប្រសើរឡើងនោះ អាជ្ញាធរជំនាញខេត្តតាកែវ បានលើកទឹកចិត្តដល់កសិករឲ្យបង្កើនការចិញ្ចឹមកង្កែបបន្ថែមទៀត ដើម្បីធានាផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុងអំឡុងពេលកើតមានជំងឺកូវីដ–១៩ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ លោក ញិប ស្រ៊នបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ មន្ត្រីជំនាញរបស់មន្ទីរកសិកម្ម បានបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដោយបានផ្តល់នូវបច្ចេកទេស ជាពិសេសផ្តល់ពូជកូនកង្កែប ឲ្យកសិករមានចំណេះជំនាញកាន់តែច្បាស់ក្នុងការចិញ្ចឹមកង្កែប ។
លោក បន្តថា បច្ចុប្បន្ននេះ យើងមានបច្ចេកទេស កាន់តែមានភាពងាយស្រួលក្នុងការចិញ្ចឹម ដោយសារពីមុនពិបាកមិនមានដីធំ តែសំរាប់បច្ចេកទេសថ្មីនេះ អាចធ្វើឲ្យកសិករចិញ្ចឹមកង្កែបបាន ទោះមានដីតួចក្តី គឺកសិករប្រើតែតង់ប្លាស្ទិចក្រាលពីក្រោម ហើយអាចដាក់កង្កែបចិញ្ចឹមបានដោយកង្កែបមានលក្ខណៈងាយស្រួលចិញ្ចឹម វាត្រូវការទឹកតិចបំផុត ។ លោកបានបន្ថែមថា កសិដ្ឋានមានដាក់លក់កង្កែប ដែលមាន៣ប្រភេទ គឺកង្កែបសាច់ កង្កែបកូន និងកង្កែបពូជ ខណៈ នៅទូទាំងខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមកង្កែបចំនួន១១កន្លែង ក្នុងនោះការចិញ្ចឹមជាលក្ខណៈគ្រួសារមានប្រមាណ៥០គ្រួសារ។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ទូទាំងខេត្តយើងនេះគឺកសិដ្ឋានចិញ្ចឹមកង្កែបនេះ កំពុងតែរកចំណូលបានច្រើនដោយគាត់លក់ជាកង្កែបសាច់ផង ក៏ដូចជាកូនផងសម្រាប់យកទៅបំប៉នបន្ថែម ហើយក៏លក់ជាពូជទៀត គឺគាត់អាចរកចំណូលបានកាន់តែកើនឡើង ហើយទន្ទឹមនោះដែរពេលនេះយើងកំពុងតែលើកទឹកចិត្តក្នុងការចិញ្ចឹម» ។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្តល់ពូជកង្កែប ត្រីអណ្តែង ដល់កសិករ ជាង៦០០០គ្រួសារនៅទូទាំងប្រទេស ដោយមានការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង៤លាន៦សែនដុល្លារសហរដ្ឋអាមេរិក ៕ដោយ៖ស តារា