ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ និងអភិបាលខេត្តបន្ទាយមានជ័យបាន បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច ចុះឃាត់គ្រឿងចក្ររបស់ ឈ្មួញ ដែលបានកំពុងធ្វើសកម្ម ភាពជីកកកាយយកអាចម៍ដី ក្នុងផ្ទៃបាតស្ទឹងសិរីសោភ័ណ ជាប់ទីតាំងក្បាលស្ពានទឹកថ្លា(ស្ពានដែកពីសង្គម) ដោយគ្មានការអនុញ្ញាត ច្បាប់ត្រឹមត្រូវ ដើម្បីយកគ្រឿងចក្រយកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា។
ប្រភពបានឲ្យដឹងថា កន្លងមកក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តលោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រធានអង្គប្រជុំ ធ្លាប់បានណែនាំដល់ជំនាញធនធានទឹកខេត្ត និងអាជ្ញាធរក្រុង សង្កាត់ឲ្យចុះពិនិត្យមើលនិងណែនាំដល់ក្រុមឈ្មួញខាងលើ ឲ្យឈប់សកម្មភាពកាយដី តែពួកគេនៅតែលួចបន្តធ្វើសកម្មភាពដដែល។
ស្របពេលក្នុងឱកាសថ្ងៃសម្រាកសងបុណ្យចូលឆ្នាំ ដែលមន្ត្រីរាជការឈប់សម្រាក ស្រាប់តែនៅថ្ងៃទី២០ សីហា ឆ្នាំ ២០២០នេះ មានសកម្មភាព នៃការជីកកកាយយកអាចម៍ដីបានធ្វើឲ្យរាលដាលកាន់តែខ្លាំងដល់ចំណុចសសរជើងស្ពានដែកដែលបន្សល់ទុកពីសម័យសង្គមរាស្រ្តនិយម ហើយបច្ចុប្បន្នថ្នាក់ដឹកនាំខេត្ត ពិសេសលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី លោកបានយកចិត្តទុកដាក់ ធ្វើការរក្សាអភិរក្សរៀបចំកែលម្អទុក ឲ្យកូនចៅជំនាន់ក្រោយបានឃើញ។
ប្រភពដដែលបានឲ្យដឹងទៀតថាដីនៅចំណុចខាងលើនោះអាជ្ញាធរខេត្តមិនបានអនុញ្ញាតឲ្យមានការជីកកកាយយ៉ាងអនាធិបតេយ្យនៅក្បែរគល់ស្ពាននេះដែលធ្វើឲ្យមានការរិះគន់មកលើអាជ្ញាធរខេត្ត ថាមានការអនុញ្ញាតនោះទេ ។ ផ្ទុយទៅវិញលោកអភិបាលខេត្ត បានដឹកនាំគិតគូររៀបចំឲ្យមានសួនច្បារ ភ្លើងបំភ្លឺផ្លូវលម្អទីក្រុងសិរីសោភ័ណទៀតផង។
យ៉ាងណាក្នុងករណីនេះដែរក្រោយទទួលបានព័ត៌មាននេះភ្លាមលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាកម្លាំងសមត្ថកិច្ចឲ្យចុះឃាត់គ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនៅគល់ស្ពាននេះយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖វណ្ណា