ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទយកលក់សុីចាយបាន១ថ្ងៃ​ ស្អែកឡេីងជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានឃាត់ខ្លួននៅវេលាម៉ោង១០​និង៣០នាទីព្រឹក​ ថ្ងៃ​ទី២៥​ ខែសីហា​ ឆ្នាំ​២០២០​ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ​ ក្រោយពីប្រព្រឹត្តបទល្មេីស​លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤​ សីហា​ ២០២០ ម៉ោង៦និង៣០នាទី។

​ លោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ខោល បុប្ផា ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៥៥ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ​។ ចំណែកជនសង្ស័យឈ្មោះ ព្រេង ភារុណ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

​ លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងទៀតថា​ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមកដល់ចំណុចកើតហេតុក៏ឈប់ម៉ូតូលើកទូរស័ព្ទដៃ ម៉ាក Oppo ពណ៌ខ្មៅ និយាយ ស្រាប់តែជនសង្ស័យដើរមកដល់ឆក់យកទូរស័ព្ទពីជនរងគ្រោះបានសម្រេចរត់គេចខ្លួនយកទៅលក់ឲ្យគេបានលុយ ២០ម៉ឺនរៀលទិញគ្រឿងញៀនជក់ និងស៊ីចាយ អស់។ លុះដល់ថ្ងៃទី ២៥-០៨-២០២០ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅភូមិ ដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

​ គួរបញ្ចាក់ផងដែរថា​ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៤ឆ្នាំក្នុងឆ្នាំ២០១២ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (វាយប្លន់យកទូរស័ព្ទ) និងប្រើប្រាស់គ្រឿងញៀន​ ៕​ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖