ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រោយពីប្រព្រឹត្តបទល្មេីសលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤ សីហា ២០២០ ម៉ោង៦និង៣០នាទី។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខោល បុប្ផា ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៥៥ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យឈ្មោះ ព្រេង ភារុណ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមកដល់ចំណុចកើតហេតុក៏ឈប់ម៉ូតូលើកទូរស័ព្ទដៃ ម៉ាក Oppo ពណ៌ខ្មៅ និយាយ ស្រាប់តែជនសង្ស័យដើរមកដល់ឆក់យកទូរស័ព្ទពីជនរងគ្រោះបានសម្រេចរត់គេចខ្លួនយកទៅលក់ឲ្យគេបានលុយ ២០ម៉ឺនរៀលទិញគ្រឿងញៀនជក់ និងស៊ីចាយ អស់។ លុះដល់ថ្ងៃទី ២៥-០៨-២០២០ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅភូមិ ដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
គួរបញ្ចាក់ផងដែរថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៤ឆ្នាំក្នុងឆ្នាំ២០១២ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (វាយប្លន់យកទូរស័ព្ទ) និងប្រើប្រាស់គ្រឿងញៀន ៕ដោយ៖ ភារ៉ា ដង្កោ