ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលចិន ដាក់​ការតវ៉ា​មួយ​ទៅកាន់​អាមេរិក ដោយ​ចោទប្រកាន់អាមេរិកថា៖ បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍ U-2 មួយគ្រឿង​ចូល​តំបន់ហាមឃាត់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះរដ្ឋាភិបាលចិនបានដាក់ការតវ៉ាមួយទៅកាន់អាមេរិក ដោយចោទប្រកាន់អាមេរិកថា៖ បានបញ្ជូនយន្តហោះស៊ើបការណ៍ U-2 មួយគ្រឿងចូលតំបន់ហាមឃាត់ការហោះហើរខណៈយោធាចិនកំពុងធ្វើសមយុទ្ធយោធា ជាការឆ្លើយតបអាមេរិក អះអាងថា ការហោះហើរនេះ គឺផ្អែកទៅតាមច្បាប់អន្តរជាតិ

ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន បានបញ្ជាក់យ៉ាងដូច្នេះថា «​វាគឺជាសកម្មភាពញុះញង់សុទ្ធសាធ ហើយចិនជំទាស់យ៉ាងខ្លាំងលើបញ្ហានេះ និងដាក់ការតវ៉ាទៅកាន់ភាគីអាមេរិក​»​ ខណៈក្រសួងការពារជាតិចិន បានថ្កោលទោសអាមេរិកថា៖ បានជ្រៀតជ្រែកធ្ងន់ធ្ងរ មកក្នុងសមយុទ្ធយោធាដែលធ្វើជាធម្មតា ហើយសកម្មភាពបែបនេះ អាចបង្កឲ្យមានការយល់ច្រឡំ អាចបង្កឲ្យមានឧបទ្ទវហេតុណាមួយកើតឡើង

សូមជម្រាបថា ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា អាមេរិក បានបញ្ជូនយន្តហោះ U-2 មួយគ្រឿង មកក្នុងតំបន់មួយ ដែលចិនកំណត់ជាតំបន់គ្មានការហោះហើរ ជាក់ស្ដែងតំបន់នោះ ក៏ជាទីតាំងយោធាចិនកំពុងធ្វើសមយុទ្ធយោធា

ជាមួយគ្នានោះដែរ ភាគីចិនមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេ ថាតើហេតុការណ៍មួយនេះ កើតឡើងនៅកន្លែងណាឡើយ ព្រោះពេលនេះ ចិនកំពុងមានសមយុទ្ធយោធានៅតំបន់ជាច្រើន ក្នុងនោះមានដូចជា៖ សមយុទ្ធនៅសមុទ្រ​Bohai នៅភាគខាងកើតចិន​, សមុទ្រលឿងនៅក្បែរឧបទ្វីបកូរ៉េនិងសមុទ្រចិនខាងត្បូងជាដើម

​​ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា ជាការឆ្លើយតបនឹងការតវ៉ារបស់ចិន យោធាអាមេរិក បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថាការហោះហើររបស់យន្តហោះ U-2 ដែលធ្វើឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្អែកលើច្បាប់អន្តរជាតិ និងបទបញ្ញត្តិស្តីពីការហោះហើរ

គួរបញ្ជាក់ថា យន្តហោះស៊ើបការណ៍ U-2 អាចហោះហើរបានកម្ពស់ជាង២១គីឡូម៉ែត្រ និងអាចស៊ើបការណ៍ពីចម្ងាយបាន ដោយមិនចាំបាច់ចូលទៅក្នុងតំបន់គ្មានការហោះហើរ ជាក់ស្តែងនៅក្នុងឆ្នាំ២០០១ យន្តហោះស៊ើបការណ៍របស់អាមេរិកមួយគ្រឿង ត្រូវបានបង្អាក់ដំណើរដោយ យន្តហោះចម្បាំងរបស់ចិនមួយគ្រឿង ដោយក្នុងហេតុការណ៍នេះ អ្នកបើកយន្តហោះចិនម្នាក់បានស្លាប់ ចំណែកយន្តហោះអាមេរិកត្រូវចុះចតជាបន្ទាន់នៅមូលដ្ឋានយោធាមួយលើកោះហៃណាន ដោយ៖ស តារា


ចែករំលែក៖