ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ចេញពីកន្លែងលក់កាហ្វេ​ បំណងត្រឡប់ទៅផ្ទះ​ តែត្រូវចោរឆក់កាបូបបានសម្រេច​នៅខណ្ឌបឹងកេងកង

ចែករំលែក៖

      ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ចេញពីកន្លែងលក់កាហ្វេ​ គោលបំណងត្រឡប់ទៅផ្ទះ​ ស្រាប់តែត្រូវចោរឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

    ស្ត្រីរងគ្រោះមានឈ្មោះ​ រៀម​ សុខុន​ អាយុ៤០ឆ្នាំ​ មុខរបបលក់កាហ្វេ​នៅក្បែរស្តុបអុីនធើខន​ ជាប់ផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ និងមានទីលំនៅនៅភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ចំណែកសម្ភារបាត់បង់រួមមាន​ ៖​ កាបូប១​ ដោយភ្ជាប់ជាមួយ​មានលុយជាង២០មុឺនរៀល​ ទូរស័ព្ទ១គ្រឿង​ កាតគ្រីម៉ូតូ​ អត្តសញ្ញាណប័ណ្ណ​ និងសៀវភៅ​សន្សំលុយផងដែរ​ ។ 

    ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក​ wave rs ពាក់ស្លាកលេខភ្នំពេញ​ 1CI-1357​ ដោយធ្វេីដំណេីរតែម្នាក់ឯង​តាមបណ្ដោយផ្លូវ២០៥​ គោលបំណងត្រឡប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ​ ខណៈជិះម៉ូតូបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូតែម្នាក់ឯង​តាមមកពីក្រោយ​ រួចធ្វេីសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានសម្រេច​ និងជិះគេចខ្លួនបាត់ស្រមោល​ ។ 

  ក្រោយពេលកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ រួចនាំស្ត្រីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ទំនប់ទឹក​ ដេីម្បីសួរនាំ​ធ្វេីពាក្យបណ្ដឹងឲ្យជនរងគ្រោះ​ ព្រមទាំងចំណំភិនភាគជនសង្ស័យដើម្បីស្រាវជ្រាវស្វែងរកឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖