ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃ បង្កហានិភ័យដល់ពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ អាចបង្កហានិភ័យដល់ពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមរថយន្តនិងម៉ូតូ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចនិងព្រួយបារម្ភ ជាពិសេសនៅពេលយប់។ ខ្សែភ្លើងដែលធ្លាក់រញ៉េរញ៉ៃច្រើនជាងគេ ហើយអាចបង្កហានិភ័យនោះ គឺនៅតាមបណ្ដោយផ្លូវចាក់បេតុង ត្រង់ចំណុចក្រោយអន្ទង់ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងទាំងមូល បានសង្កេតឃើញនិងលើកឡើងក៏ដូចជាសំណូមពរដល់អាជ្ញាធរអគ្គិសនីថា ខ្សែភ្លើងជាច្រើនមានសភាពធ្លាក់រញ៉េរញ៉ៃ ជាច្រើនកន្លែងមានតិចហើយនិងច្រើនសរសៃ អាចបង្កហានិភ័យដល់ពួកគាត់ ក្នុងការប្រើប្រាស់ភ្លើង ជាពិសេសខ្សែភ្លើងដែលធ្លាក់ចុះដល់ដីគ្មានសណ្ដាប់ធ្នាប់ ដែលកំពុងបង្កហានិភ័យដល់ពួកគាត់ក្នុងពេលកំពុងធ្វើដំណើរដែលខ្សែភ្លើងនោះ ខ្លះធ្លាក់កាត់ទទឹងផ្លូវ ដូចជាអ្នកជិះកង់ ជិះម៉ូតូ និងបើកបររថយន្តដែលវាអាចទាក់ដាច់ឬក៏អាចបង្កឱ្យដួល ដោយសារខ្សែភ្លើងនោះឬក៏អាចឆ្លងឆក់ធ្វើឲ្យគ្រោះថ្នាក់រហូតបាត់បង់ដល់ជីវិតមនុស្សក៏មាន ។ ដូច្នេះពួកគាត់បានស្នើសុំឱ្យជំនាញ (EDC) ដែលមិនបានគិតគូរដល់ ឬយកចិត្តទុកដាក់និងដោះដូរខ្សែថ្មី ឬក៏រុះរើរៀបចំសាជាថ្មីឡើងវិញទៅតាមប្រព័ន្ធ និងស្តង់ដារជៀសវាងមានហានិភ័យផ្សេងៗ ដែលពួកគាត់កំពុងតែប្រើប្រាស់ ហើយក៏កំពុងមានការព្រួយបារម្ភ និងភ័យខ្លាចទៅលើបង្គោលឈើចាស់ៗទាក់ខ្សែភ្លើង ជាពិសេសក្មេងតូចៗដែលមិនបានប្រុងប្រយ័ត្ន។

ជុំវិញរឿងនេះលោកស៊ារ ប៉ាច ប្រធានសាខាអគ្គិសនីខេត្តស្ទឹងត្រែង បានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះក្រោយពីដឹងថាមានខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃ ទើបលោកចុះមកពិនិត្យហើយលោកប្រាប់ថាលោកនឹងឲ្យមន្ត្រីជំនាញចុះមកធ្វើការរុះរើរៀបចំឡើងវិញ នៅថ្ងៃទី២៨ខែសីហានេះ មិនឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋឡើយ។

លោកបន្តថា នេះគឺជាខ្សែភ្លើងចាស់ដែលពីមុនប្រើម៉ាស៊ីនភ្លើងនិងដាក់បង្គោលឈើហើយពេលនេះកម្លាំងកំពុងតែរៀបចំដាក់បង្គោលភ្លើងស៊ីម៉ងត៍ រាយខ្សែភ្លើងមេមានដាក់ប្រអប់គីឡូភ្លើងគ្រប់កន្លែង គ្រប់ផ្លូវមានមនុស្សនៅ នឹងដាក់បង្គោលភ្លើង រាយខ្សែភ្លើងដល់ទីនោះ មិនឱ្យពលរដ្ឋពិបាកទេ។ ជាក់ស្តែងដូចជាភូមិដែលនៅដាច់ស្រយាលឆ្លងទឹកទន្លេសេកុង ដូចជានៅភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសានយើងក៏មានភ្លើងប្រើដែរ និងភូមិកោះក្រូច ក៏កំពុងតែរៀបចំដឹកបង្គោលដាក់ពង្រាយហើយ ចំណែកខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃ ហើយជាខ្សែភ្លើងចាស់ៗពីមុនមកនោះ លោកនឹងធ្វើការរុះរើរៀបចំសាជាថ្មីឡើងវិញទាំងអស់។

ចំណែកលោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែងបានឱ្យដឹងដែរថា ខាងអាជ្ញាធរអគ្គិសនីកម្ពុជាខេត្ត គួរតែយកចិត្តទុកដាក់ក្នុងករណីនេះ វាជាបញ្ហាធំចំពោះខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃនេះ វាអាចបង្កហានិភ័យខ្លាំងណាស់ដល់ប្រជាពលរដ្ឋ កំុំដឹងតែពីដល់ខែគិតលុយ លើសខ្វះតិចតួចពិន័យ ដោយមិនគិតពីហានិភ័យប៉ះពាល់អាយុជីវិតអ្នកដទៃ។

លោកបន្តថា លោកនិេងរាយការណ៍ជូនលោកអភិបាលក្រុងក្នុងករណីនេះដើម្បីឱ្យជំនាញអគ្គិសនីរៀបចំឡើងវិញ បញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដល់ពលរដ្ឋ ដោយសារខ្សែភ្លើងធ្លាក់រាយប៉ាយ រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់។ នេះជាកំហុសខាង(EDC) គួរតែត្រួតពិនិត្យឡើងវិញ៕

ដោយ៖មាស សុផាត


ចែករំលែក៖