ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយលោកស្រី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគូបា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាកិច្ចការមួយចំនួនជាមួយលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគូបាប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោកស្រី ឯកអគ្គរដ្ឋទូតបានសម្តែងនូវការកោតសរសើរចំពោះភាពឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដែលជាគំរូដ៏ល្អមួយសម្រាប់សកលលោកយកតម្រាប់តាម ហើយលោកស្រី ក៏បានសម្តែងនូវការគាំទ្រនិងសាទរចំពោះលទ្ធផលជាវិជ្ជមាននៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការកោតសរសើររបស់លោកស្រីឯកអគ្គរដ្ឋទូត ព្រមទាំងបានជម្រាបលោកជំទាវឱ្យបានជ្រាបផងដែរថា នៅក្នុងរយៈពេល១០០ថ្ងៃនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត សំណុំរឿងព្រហ្មទណ្ឌជាង៨,០០០ករណីត្រូវបានដោះស្រាយដែលស្មើនឹង៦៣%នៃសំណុំរឿងកកស្ទះកន្លងមក ហើយការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្តត្រូវបានរំពឹងថានឹងចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០២០នេះ។
ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរបានអបអរសាទរចំពោះខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖