មន្ទីរបញ្ចកោណអាមេរិកបានប្រកាសនៅថ្ងៃទី១ខែកញ្ញាថា ចិនមានគម្រោងបង្កើនចំនួនក្បាលគ្រាប់បរមាណូទ្វេដង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះចិនមានគម្រោងដាក់ពង្រាយកម្លាំងវាយលុកដោយគ្រាប់បែកបរមាណូ នៅលើដីគោក ដែនសមុទ្រនិងដែនអាកាស។
ការប្រកាសខាងលើ ក្នុងពេលដែលអាមេរិក និងចិនកាន់តែតានតឹងដាក់គ្នាខ្លាំងឡើងៗ ហើយទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមអូសចិនចូលក្នុងសន្ឋិសញ្ញាគ្រប់គ្រងអាវុធបរមាណូNew START រវាងអាមេរិកនឹង រុស្ស៊ី។
នៅក្នុងរបាយការណ៍ផ្ញើទៅកាន់រដ្ឋសភា ស្តីពីកម្លាំងទាហានចិន មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ចិនមានគ្រាប់បែកបរមាណូប្រមាណ២០០គ្រាប់។ នេះជាលើកទីមួយដែលទាហានអាមេរិក បង្ហាញពីចំនួនក្បាលគ្រាប់បរមាណូរបស់ចិន។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) បានវាយតម្លៃថា ចិនមានក្បាលគ្រាប់បរមាណូ ដល់ទៅ៣២០គ្រាប់។
មន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា ក្នុងរយៈពេល១០ឆ្នាំខាងមុខចិននឹងពង្រីកឃ្លាំងគ្រាប់បរមាណូរបស់ខ្លួនកើនឡើងដល់ទៅទ្វេដង ។
កន្លងមក សារព័ត៌មាន Clobal Times បានផ្សាយថា ទីក្រុងប៉េកាំង អាចនឹងបង្កើនចំនួនក្បាលគ្រាប់បរមាណូរបស់ខ្លួនដល់ទៅ១ពាន់គ្រាប់ ក្នុងពេលខាងមុខ៕ដោយ៖ធី រីណា