អន្តរជាតិ៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលចិន បានច្រាលចោលរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណ ដែលចោទប្រកាន់ខ្លួនថា ចង់បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដង ក្នុងរយៈពេល១០ឆ្នាំ។ មិនតែប៉ុណ្ណោះរដ្ឋបាលទីក្រុងប៉េកាំង អះអាងវិញថា ការចោទរបស់អាមេរិកមានគោលដៅការពារការចំណោយលើយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនតែប៉ុណ្ណោះ។
បើតាមរបាយការណ៍សិក្សាប្រចាំឆ្នាំលើកម្លាំងយោធាចិន កាលពីថ្ងៃទី១ ខែកញ្ញាថ្មីៗនេះ មន្ទីរបញ្ចកោណអាមេរិក បានអះអាងថា កងទ័ពចិនមានសមត្ថភាពស្មើ ឬលើសអាមេរិកលើវិស័យមួយចំនួន។ ជាពិសេស ចិនថែមទាំងចង់បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដងក្នុងរយៈពេល១០ឆ្នាំ ខណៈពេលបច្ចុប្បន្នប្រទេសអាស៊ីមួយនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរក្រោម៣០០គ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលរបាយការណ៍នេះនិងអះអាងថាអាមេរិក មិនយល់ពីគោលនយោបាយរបស់ខ្លួន។
ក្រោយពីរងការចោទប្រកាន់របស់អាមេរិក ក្រសួងការពារជាតិចិន បានទាត់ចោល ការចោទប្រកាន់របស់មន្ទីរបញ្ចកោណថា «ខុសទាំងស្រុង» និងបកស្រាយខុសពីគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ទីក្រុងប៉េកាំង។ ក្នុងន័យនេះ ចិនបានវាយបកទៅអាមេរិកវិញថា គ្រាន់តែជារបាយការណ៍ បង្ខូចកេរ្តិ៍ឈ្មោះចិនក្នុងការធ្វើទំនើបកម្មកងទ័ព ការចំណាយលើយោធា គោលនយោបាយនុយក្លេអ៊ែរ និងបញ្ហាផ្សេងទៀតតែប៉ុណ្ណោះ។បន្ថែមពីនេះ ក្រសួងការពារជាតិចិន ក្រសួងការបរទេសចិន ក៏បានច្រានចោលរបាយការណ៍របស់អាមេរិកផងដែរ។
ដោយឡែកលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃទី២ ខែកញ្ញាម្សិលមិញថា៖ «ចិនតែងតែស្វែងរកគោលនយោបាយការពារជាតិ ហើយអ្នកគ្រប់គ្នា ដឹងថាចិនជាអ្នកស្ថាបនាសន្តិភាពលើពិភពលោក»។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា ការចំណាយយោធារបស់អាមេរិកគឺច្រើនណាស់ ពោលគឺស្ទើរតែស្មើការចំណាយយោធារបស់ប្រទេសចំនួន១០ ដែល ដែលឈរនៅបន្ទាប់អាមេរិក។ ក្នុងន័យនេះអ្នកនាំពាក្យចិន ចង់សំដៅថា ការលើកឡើងរបស់អាមេរិក គ្រាន់តែជាលេសដើម្បីស្វែងរកឧត្តមភាព និងអនុត្តរភាពយោធារបស់ខ្លួនប៉ុណ្ណោះ៕
ដោយ៖ស តារា