ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តជួបគ្រោះថ្នាក់ចរាចរណ៍បុកខ្ទេចមុខ គ្របទុកចោលតាមផ្លូវបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកLexus RX-330 ទាំងស្រវឹងហើយបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែគេមិនដឹងថារថយន្តនេះបុកជាមួយអ្វីឲ្យប្រាកដនោះទេ តែគេឃើញម្ចាស់បានដោះស្លាកលេខ បកយកបណ្ណបង់ពន្ធ ឆៀក និងមីញ៉ែតពន្ធចេញ ។បន្ទាប់មកគ្របក្រណាត់និងចតចោលតាមផ្លូវបេតុងក្នុងភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងនគរបាលនាំគ្នាទៅចោមរោមមើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋបាននិយាយថា នៅពេលប្រទះឃើញរថយន្ត១គ្រឿងចតចោលដោយគ្របក្រណាត់ជិតបែបនេះ ពួកគាត់ មានការសង្ស័យយ៉ាងខ្លាំងក៏បានបើកមើលស្រាប់តែឃើញរថយន្តម៉ាកLexus RX-330 ពណ៌ស្ករ គ្មានស្លាកលេខ អត់បណ្ណបង់ពន្ធ បណ្ណឆៀក និងមីញ៉ែតពន្ធហើយរងការខូចខាតខ្ទេចមុខ យ៉ាងដំណំទើបគាត់នាំគ្នារាយការណ៍ជូននគរបាលប៉ុស្តិ៍កាកាបទី១និងនគរបាលផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះមកពិនិត្យមើល ព្រោះខ្លាចរថយន្តនេះមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេង។

ប្រភពដដែលបានបន្តថា ក្រោយមកមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណស្លៀកខោខ្លីពណ៌ខៀវ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លីមកអះអាងប្រាប់នគរបាលថាជារថយន្តរបស់ខ្លួនហើយបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញតែដោយបើកទៅអត់ដល់ផ្ទះទើបចតទុកចោលនៅទីនោះតែម្ដង។ប៉ុន្តែគាត់និយាយមិនបានច្បាស់ថាកើតហេតុនៅត្រង់ចំណុចណាមួយនោះទេ ដោយម្ដងថានៅខណ្ឌទួលគោក ម្ដងថានៅខណ្ឌសែនសុខ និងម្ដងទៀតថា ខ្លួននិងប្រពន្ធបានជិះចេញពីកន្លែងផឹកសុីនៅម៉ុងឌីយ៉ាល់ ហើយបានជិះទៅទិញទឹកហូបនៅរង្វង់មូលចោមចៅ លុះពេលត្រឡប់មកវិញក៏បានបុកបារាសនៅទីនោះ ហើយក៏បើកបន្តទៅផ្ទះលែងរួចទើបសម្រេចចិត្តចតទុកចោលនៅតាមផ្លូវតែម្ដង។

ដោយសារតែនិយាយមិនច្បាស់បែបនេះ ទើបនគរបាលស្ទូចរថយន្តយកទៅរក្សាទុកជាបណ្ដោះអាសន្នសិនរង់ចាំឲ្យម្ចាស់ទៅចង្អុលបង្ហាញពីទីកន្លែងគ្រោះថ្នាក់ឲ្យបានច្បាស់លាស់ថាពុំមានការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋឬឯកជនណាមួយទើបប្រគល់រថយន្តជូនគាត់វិញ៕

ដោយ៖​សុខាសែនជ័យ


ចែករំលែក៖