អន្តរជាតិ៖ ជាការឆ្លើយតបទៅវិញភា្លមៗ នៅថ្ងៃសៅរ៍ទី៤ ខែកញ្ញាឆ្នាំ២០២០ មន្រ្តីជាន់ខ្ពស់ចិន បានប្រើសម្ដីខ្លាំងទៅនឹងលិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិ (UN) ដែលធ្វើការលើការងារសិទ្ធិមនុស្សពាក់ព័ន្ធការអនុវត្តច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុង។ដោយតាមរយៈក្រសួងការបរទេស បានគូសបញ្ជាក់ប្រាប់មន្ត្រីអន្តរជាតិទាំងនោះថា៖ ច្បាប់សន្តិសុខនេះ ជាការការពារប្រជាជនហុងកុងហើយបញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងហុងកុង និងចិនជារួម។
ច្បាប់សន្តិសុខជាតិនៅហុងកុង នៅតែជាប្រធានបទក្ដៅដដែល។ នៅពេលដែលប្រទេសជាច្រើនរិះគន់នោះ គេក៏ឃើញមានអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចេញមកប្រតិកម្មផងដែរ។ ក្នុងលិខិតមួយដែលចេញជាសាធារណៈនៅថ្ងៃទី៤ ខែកញ្ញាអ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកច្បាប់សន្តិសុខជាតិនៅហុងកុង ជាការបំពានសិទ្ធិជាមូលដ្ឋាន និងមានគោលដៅដាក់ទោសលើការបញ្ចេញមតិ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចេញមុខបកស្រាយការរិះគន់ពាក់ព័ន្ធច្បាប់មួយនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៤ ខែកញ្ញា ដោយអ្នកនាំពាក្យរូបនេះ បកស្រាយថាច្បាប់សន្តិសុខជាតិនៅហុងកុង មិនមែនជារឿងសិទ្ធិមនុស្សអ្វីទាំងអស់ តែវាជាការបំពេញចន្លោះប្រហោងច្បាប់ហុងកុង និងដើម្បីទប់ស្កាត់ បញ្ឈប់ដាក់ទោសអ្នកដែលធ្វើសកម្មភាពប៉ះពាល់សន្តិសុខជាតិ។
លោកស្រី Hua សង្កត់ធ្ងន់ថា «ច្បាប់នេះដាក់ទោសមនុស្សតិចតួច ហើយការពារមនុស្សភាគច្រើន។ ខណៈដែលសិទ្ធិ និងសេរីភាពដែលនៅតែមានច្បាប់នេះត្រូវបានគាំទ្រ និងស្វាគមន៍ដោយប្រជាជនហុងកុង។» លោកស្រីHua ឆ្លើយបែបនេះ នៅពេលត្រូវបានសួរពីយោបល់ទាក់ទងលិខិតរបស់អ្នករាយការណ៍អង្គការសហប្រជាជាតិ។ មន្ត្រីក្រសួងការបរទេសចិនបន្ថែមថាមានបុគ្គលខ្លះ មិនខ្វល់ពីការពិត ហើយរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅចិនយករឿងនេះធ្វើជានយោបាយ និងរំលោភកិច្ចការផ្ទៃក្នុងចិនទាំងបំពាន។
អ្នកនាំពាក្យរូបនេះ ដោយចង់សំដៅអ្នកជំនាញអន្តរជាតិខាងលើក៏ប្រាប់ឲ្យពួកគេគោរពគោលការណ៍អង្គការសហប្រជាជាតិ ជម្រះចោលការមិនខ្វល់ខ្វាយ ស្តង់ដាពីរជាន់ និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហុងកុង និងចិនទៀតទៅ។
គួរបញ្ជាក់ថា ទាក់ទងនឹងច្បាប់នេះ ប្រទេសលោកខាងលិចជាច្រើនមានអាល្លឺម៉ង់ បារាំង អាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ជាដើមបាននាំគ្នាផ្អាកកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយហុងកុង ដោយបារម្ភថា អ្នកដែលត្រូវបញ្ជូនទៅហុងកុង អាចត្រូវបញ្ជូនបន្តទៅកាន់ចិនក្រោមច្បាប់សន្តិសុខថ្មីនេះ។ ចិនមិនខ្វល់ប្រតិកម្មទាំងនោះ និងបានការពារការសម្រេចចិត្តអនុវត្តច្បាប់នេះដោយមិនរារែក៕ដោយ៖ស តារា