ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអ្នកជំនាញ​UN អះអាងថា៖ ច្បាប់​សន្តិសុខ​ហុងកុង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​មូលដ្ឋាន​ ធ្វើឲ្យមន្រ្តីជាន់ខ្ពស់ចិនប្រតិកម្មដោយប្រើសម្តីខ្លាំងៗតបទៅវិញ

ចែករំលែក៖

អន្តរជាតិ៖ ​ជាការឆ្លើយតប​ទៅវិញភា្ល​មៗ ​នៅថ្ងៃសៅរ៍ទី៤ ខែកញ្ញាឆ្នាំ២០២០ មន្រ្តីជាន់ខ្ពស់ចិន បានប្រើសម្ដី​ខ្លាំង​ទៅនឹង​លិខិត​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ (UN) ដែល​ធ្វើការ​លើ​ការងារ​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ទីក្រុង​ហុងកុង​។ដោយតាមរយៈ​ក្រសួងការបរទេស​ បានគូសបញ្ជាក់ប្រាប់មន្ត្រី​អន្តរជាតិ​ទាំងនោះ​ថា៖ ច្បាប់​សន្តិសុខ​នេះ ជាការ​ការពារ​ប្រជាជន​ហុងកុងហើយ​បញ្ឈប់​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ហុងកុង និង​ចិន​ជារួម​។​

​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង នៅតែ​ជា​ប្រធានបទ​ក្ដៅ​ដដែល​។ នៅពេលដែល​ប្រទេស​ជាច្រើន​រិះគន់​នោះ គេ​ក៏​ឃើញ​មាន​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ចេញមក​ប្រតិកម្ម​ផងដែរ​។ ក្នុង​លិខិត​មួយ​ដែល​ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៤ ខែកញ្ញាអ្នករាយការណ៍​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ចាត់ទុក​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង ជាការ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន និង​មាន​គោលដៅ​ដាក់ទោស​លើ​ការបញ្ចេញមតិ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​ចេញមុខ​បកស្រាយ​ការរិះគន់​ពាក់ព័ន្ធ​ច្បាប់​មួយ​នេះ​ ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ កាលពីថ្ងៃទី​៤ ខែកញ្ញា ដោយអ្នកនាំពាក្យរូបនេះ បកស្រាយ​ថាច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង មិនមែនជា​រឿង​សិទ្ធិមនុស្ស​អ្វី​ទាំងអស់ តែ​វា​ជាការ​បំពេញ​ចន្លោះប្រហោង​ច្បាប់​ហុងកុង និង​ដើម្បី​ទប់ស្កាត់ បញ្ឈប់ដាក់ទោស​អ្នក​ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​សន្តិសុខ​ជាតិ​។   

លោកស្រី Hua សង្កត់ធ្ងន់ថា «​ច្បាប់​នេះ​ដាក់ទោស​មនុស្ស​តិចតួច ហើយ​ការពារ​មនុស្ស​ភាគច្រើន​។ ខណៈដែល​សិទ្ធិ និង​សេរីភាព​ដែល​នៅតែមានច្បាប់​នេះ​ត្រូវបាន​គាំទ្រ និង​ស្វាគមន៍​ដោយ​ប្រជាជន​ហុងកុង​។​» លោកស្រីHua ឆ្លើយ​បែបនេះ នៅពេល​ត្រូវបាន​សួរ​ពី​យោបល់​ទាក់ទង​លិខិត​របស់​អ្នករាយការណ៍​អង្គការសហប្រជាជាតិ​។ មន្ត្រី​ក្រសួងការបរទេស​ចិន​បន្ថែមថាមាន​បុគ្គល​ខ្លះ មិន​ខ្វល់​ពី​ការពិត ហើយ​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ចិនយក​រឿងនេះ​ធ្វើជា​នយោបាយ និង​រំលោភ​កិច្ចការ​ផ្ទៃក្នុង​ចិន​ទាំង​បំពាន​។​

​អ្នកនាំពាក្យ​រូបនេះ ដោយ​ចង់​សំដៅ​អ្នកជំនាញ​អន្តរជាតិ​ខាងលើក៏​ប្រាប់​ឲ្យ​ពួកគេ​គោរព​គោលការណ៍​អង្គការសហប្រជាជាតិ  ជម្រះ​ចោលការ​មិន​ខ្វល់ខ្វាយ ស្តង់ដា​ពីរ​ជាន់ និង​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហុងកុង និង​ចិន​ទៀត​ទៅ​។​

​គួរបញ្ជាក់ថា ទាក់ទង​នឹង​ច្បាប់​នេះ ប្រទេស​លោកខាងលិច​ជាច្រើន​មាន​អាល្លឺម៉ង់ បារាំង អាមេរិក កាណាដា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ជាដើមបាននាំគ្នា​ផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង ដោយ​បារម្ភ​ថា អ្នក​ដែល​ត្រូវ​បញ្ជូនទៅ​ហុងកុង អាច​ត្រូវបញ្ជូន​បន្តទៅ​កាន់​ចិន​ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​នេះ​។ ចិន​មិន​ខ្វល់​ប្រតិកម្ម​ទាំងនោះ និង​បាន​ការពារ​ការសម្រេច​ចិត្ត​អនុវត្ត​ច្បាប់​នេះ​ដោយ​មិន​រារែក​៕ដោយ៖ស តារា


ចែករំលែក៖