ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្នុងថ្ងៃកាន់បិណ្ឌទី៣

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះជួយសាងសង់ផ្ទះ០១ខ្នងជូនប្រជាពលរដ្ឋម្នាក់ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ។ សកម្មភាពនេះត្រូវបានគេរាយការណ៍ថា ជាការចូលរួមក្នុងការងារមនុស្សធម៌ ដែលបង្ហាញពីការជួយគ្នាទៅវិញទៅមករវាងកងទ័ព និងប្រជាជន ស្របតាមពាក្យស្លោកមួយថា ”កងទ័ពជាកូនចៅប្រជាជន”។

តាមរបាយការណ៍របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឱ្យដឹងថា លោកយាយ យិន ឈឿន អាយុ៧៨ឆ្នាំ រស់នៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាទុរគតជន រស់នៅតែម្នាក់ឯង គ្មានសាច់ញាតិ គ្មានផ្ទះសំបែង ព្រមទាំងមានជំងឺលើសឈាមជាប់ប្រចាំកាយ ដែលត្រូវបានទទួលជំនួយនូវផ្ទះ០១ខ្នង ទំហំ៤ម៉ែត្រ គុណនឹង៧ម៉ែត្រ សាងសង់ពីឈើប្រកស័ង្កសី ក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ។ ផ្ទះនេះត្រូវបានកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរដែនដី និងផ្នែកដែលពាក់ព័ន្ធ ចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

សកម្មភាពនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលបានចាត់តាំងក្រុមការងារចុះជួយប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស។ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ជាប់ជានិច្ចជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់នៅតាមតំបន់ទទួលខុសត្រូវ ដាច់ខាតមិនត្រូវបណ្តោយអោយប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារ និងដោយមិនមានការដោះស្រាយនោះឡើយ៕

ដោយ៖សិលា


ចែករំលែក៖