ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយស្រី អូស្មា ប៊ីនឡាឌិន គាំទ្រប្រធានាធិបតី​ដូណាល់ ត្រាំ

ចែករំលែក៖

ក្មួយស្រី អតីតមេដឹកនាំភេរវកម្ម​អូស្មា ប៊ីនឡាឌិន បានប្រកាសគាំទ្រ ប្រធានាធិបតីត្រាំ ដឹកនាំអាមេរិក ដោយមានតែលោកទេទើបអាចរារាំងការវាយប្រហារភេរវកម្មដូចថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១នៅអាមេរិកបាន។
ពេលថ្មីៗនេះ នាង Noor Bin Ladin ក្មួយស្រី អតីត មេដឹកនាំ អូស្មា ប៊ីនឡាឌិន បាន ប្រកាសគាំទ្រពេញទំហិងដល់​ប្រធានាធិបតី ត្រាំ។ នាង​Noor Bin Ladin បានបញ្ជាក់ថា នាងបានគាំទ្រលោកត្រាំ តាំងពីពេលដំបូងដែលលោកប្រកាសគម្រោងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីកាលពីឆ្នាំ​២០១៥។
នាង​Noor Bin Ladin បានឲ្យដឹងថា​« បើទោះបីខ្ញុំមិនរស់នៅអាមេរិក ប៉ុន្តែខ្ញុំបានគាំទ្រលោកត្រាំតាំងពីថ្ងៃដំបូង ដែលលោកប្រកាសចូលរួមបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៥ ។ ខ្ញុំបានតាមដានរាល់សកម្មភាពពីចម្ងាយ​ ហើយគាត់នឹងត្រូវជាប់ឆ្នោតមួយអាណត្តិទៀត ដើម្បីកំណត់អនាគតរបស់អាមេរិក និងប្រទេសលោកខាងលិចទាំងមូល»។
ក្មួយស្រី​របស់ ប៊ីនឡាឌិន បានលើកឡើងថា ក្រុមភេរវកម្មរដ្ឋអ៊ិស្លាម​ IS ​គឺជាក្រុមភេរវកម្ម​ដែលគ្រោះថ្នាក់បំផុត​លើពិភពលោក បានរីករាលដាល​ធំធាត់នៅលើពិភពលោក ពិសេសគឺតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែមេដឹកនាំអាមេរិក​មិនអាច​ទប់សា្កត់បានឡើយរហូតដល់ប្រធានាធិបតីត្រាំឡើងកាន់អំណាច លោកបានកម្ចាត់ក្រុមភេរវកម្ម ធ្វើឲ្យពួក​គេមិនអាចវាយប្រហារបានឡើយ​។ មានតែលោកត្រាំប៉ុណ្ណោះ ដែលអាចការពារអាមេរិករួចផុតពីការវាយប្រហារ​ដូចថ្ងៃទី​១១ខែកញ្ញាឆ្នាំ​២០០១។
ការលើកឡើងរបស់​នាង​Noor Bin Ladin ក្នុងពេលដែលខួប​នៃការវាយប្រហារភេរវកម្ម ១១ខែកញ្ញា កាន់តែខិតជិតមកដល់ ហើយការឃោសនាបោះឆ្នោតអាមេរិក កាន់តែ​សកម្ម ខណៈដែលលោកត្រាំបាត់បង់ការគាំទ្រជាច្រើន៕ដោយ៖ធី រីណា

 

 


ចែករំលែក៖