ក្មួយស្រី អតីតមេដឹកនាំភេរវកម្មអូស្មា ប៊ីនឡាឌិន បានប្រកាសគាំទ្រ ប្រធានាធិបតីត្រាំ ដឹកនាំអាមេរិក ដោយមានតែលោកទេទើបអាចរារាំងការវាយប្រហារភេរវកម្មដូចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នៅអាមេរិកបាន។
ពេលថ្មីៗនេះ នាង Noor Bin Ladin ក្មួយស្រី អតីត មេដឹកនាំ អូស្មា ប៊ីនឡាឌិន បាន ប្រកាសគាំទ្រពេញទំហិងដល់ប្រធានាធិបតី ត្រាំ។ នាងNoor Bin Ladin បានបញ្ជាក់ថា នាងបានគាំទ្រលោកត្រាំ តាំងពីពេលដំបូងដែលលោកប្រកាសគម្រោងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីកាលពីឆ្នាំ២០១៥។
នាងNoor Bin Ladin បានឲ្យដឹងថា« បើទោះបីខ្ញុំមិនរស់នៅអាមេរិក ប៉ុន្តែខ្ញុំបានគាំទ្រលោកត្រាំតាំងពីថ្ងៃដំបូង ដែលលោកប្រកាសចូលរួមបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៥ ។ ខ្ញុំបានតាមដានរាល់សកម្មភាពពីចម្ងាយ ហើយគាត់នឹងត្រូវជាប់ឆ្នោតមួយអាណត្តិទៀត ដើម្បីកំណត់អនាគតរបស់អាមេរិក និងប្រទេសលោកខាងលិចទាំងមូល»។
ក្មួយស្រីរបស់ ប៊ីនឡាឌិន បានលើកឡើងថា ក្រុមភេរវកម្មរដ្ឋអ៊ិស្លាម IS គឺជាក្រុមភេរវកម្មដែលគ្រោះថ្នាក់បំផុតលើពិភពលោក បានរីករាលដាលធំធាត់នៅលើពិភពលោក ពិសេសគឺតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែមេដឹកនាំអាមេរិកមិនអាចទប់សា្កត់បានឡើយរហូតដល់ប្រធានាធិបតីត្រាំឡើងកាន់អំណាច លោកបានកម្ចាត់ក្រុមភេរវកម្ម ធ្វើឲ្យពួកគេមិនអាចវាយប្រហារបានឡើយ។ មានតែលោកត្រាំប៉ុណ្ណោះ ដែលអាចការពារអាមេរិករួចផុតពីការវាយប្រហារដូចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។
ការលើកឡើងរបស់នាងNoor Bin Ladin ក្នុងពេលដែលខួបនៃការវាយប្រហារភេរវកម្ម ១១ខែកញ្ញា កាន់តែខិតជិតមកដល់ ហើយការឃោសនាបោះឆ្នោតអាមេរិក កាន់តែសកម្ម ខណៈដែលលោកត្រាំបាត់បង់ការគាំទ្រជាច្រើន៕ដោយ៖ធី រីណា