អន្តរជាតិ៖ តាមការអះអាងពីប៉ូលិសចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យទី៦ខែកញ្ញានេះ បានឲ្យដឹងថា ក្រោយមានការវាយប្រហារដោយកូនកាំបិតជាច្រើនលើកនៅក្នុងទីក្រុង Birmingham បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល ។
ប៉ូលិសអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ ក្នុងហេតុការណ៍វាយប្រហារដោយកូនកាំបិតមួយនេះ បានកើតឡើងនៅម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុងBirmingham ហើយក្រោយមក មនុស្សជាច្រើននាក់ទៀតក៏ត្រូវបានគេចាក់ឱ្យរបួសផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយកើតហេតុភ្លាមៗ ប៉ូលិសអង់គ្លេស មិនទាន់អាចកំណត់ថាវាជាករណីអ្វីនោះទេ ខណៈអាជ្ញាធរកំពុងពង្រឹងសន្តិសុខនៅកន្លែងហេតុ។
ដោយឡែកចំនួនអ្នករងរបួសធ្ងន់ ឬស្រាល ព្រមទាំងជនសង្ស័យ ក៏នៅមិនទាន់ មានការបញ្ជាក់ផងដែរ៕ដោយ៖ស តារា