ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអាសូរណាស់! ស្ត្រីម្នាក់សម្រាលកូនកណ្តាលយប់ស្ងាត់តែម្នាក់ឯងក្រោមសំយាបផ្ទះគេ តែសំណាងបានអ្នកដំណើរតាមផ្លូវប្រទះឃើញរាយការណ៍ទៅសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ វាសនារបស់មនុស្សពិតជាមិនដូចគ្នាមែននៅលើលោកយើងនេះ! បើជាមនុស្សស្រីវិញគឺតែងតែប្រាថ្នាចង់បានការរស់នៅក្នុងគ្រួសារមួយដែលមានសុភមង្គល មានប្តីដែលអាចរស់នៅនិង មើលថែគ្នាពេលឈឺឬជា ជាពិសេសពេលសម្រាលកូនតែម្តងគឺត្រូវការប្តីនៅក្បែរមើលថែទាំ និងផ្តល់ភាពកក់ក្តៅខ្លាំង ប៉ុន្តែការប្រាថ្នាចង់បាននេះ វាមិនសមប្រកបដូចគ្នានោះទេ។ ជាក់ស្តែងយើងទៅមើលស្ត្រីអនាថាម្នាក់ដែលមានអាយុប្រហែលជាង៣០ឆ្នាំ បានឈឺពោះសម្រាលបានកូនប្រុសម្នាក់នៅតាមដងផ្លូវសាធារណៈ ពេលរាត្រីស្ងាត់តែម្នាក់ឯងយ៉ាងកំសត់ តែត្រូវបានអ្នកធ្វើដំណើរឃើញក៏រាយការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ចឲ្យជួយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣:២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខហាងលក់ទូរស័ព្ទដៃមួយជាប់នឹងភ្លើងស្តុបទួលស្វាយព្រៃ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ហើយពេលរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្សីុមកដល់ក៏នាំគ្នាជួយលើកដាក់លើររថយន្តបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង ដោយមិនមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយនិងទារក ។ ទោះបីជារស់នៅដោយគ្មានប្តី ក៏ស្ត្រីអនាថាម្នាក់នេះប្រឹងតស៊ូមើលថែខ្លួនរហូតបង្កើតកូនដែលមាននៅក្នុងផ្ទៃនោះបានឃើញពន្លឺផ្កាយនិងពន្លឺព្រះអាទិត្យដែរ នេះហើយទឹកចិត្តម្តាយ ។

 ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុកបានរៀបរាប់ប្រាប់ថា ពួកគាត់សូមថ្លែងអំណរគុណដល់សមត្ថកិច្ចនិងក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកសារព័ត៌មាន ដែលបានយកចិត្តទុកដាក់ស្វះស្វែងផ្សព្វផ្សាយចែករំលែក និងទាក់ទងទៅគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីជួយធ្វើអន្តរាគមន៍ហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យរុស្សីុបានមកដឹកស្រ្តីឆ្លងទន្លេខាងលើយកទៅសង្គ្រោះអាយុជីវិតបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ តែស្ត្រីដែលសម្រាលកូននៅតាមផ្លូវនោះ ជាជនអនាថាគាត់គ្មានលទ្ធភាពទេ សូមអំពាវនាវដល់សប្បរសជនមេត្តាជួយដល់រូបគាត់ផង ។

 ស្រ្តីដែលសម្រាលកូននៅតាមដងផ្លូវ បានរៀបរាប់ថា គាត់រស់នៅតែម្នាក់ឯងគ្មានប្តី គ្មានផ្ទះសម្បែងនោះទេ គឺរស់នៅដោយយកសំយាបផ្ទះគេធ្វើជាជម្រកតែប៉ុណ្ណោះ។ ស្រ្តីខាងលើបានបន្តទៀតថា ប្តីរបស់នាងបានចុះចោលនាងអស់រយៈពេលយូរខែមកហើយ ទុកឱ្យគាត់ពពោះម្នាក់ឯងរហូតដល់គ្រប់ខែ ហើយត្រូវមកបង្កើតកូនតែឯងតាមដងផ្លូវ ព្រោះតែអត់លុយទៅបង្កើតនៅកន្លែងត្រឹមត្រូវ។ យើងមិនអាចសួរគាត់បានច្រើនជាងនេះទេព្រោះគាត់អស់កម្លាំងមិនអាចនិយាយអ្វីបានច្រើនទៀត ហើយក៏មិនដឹងថាស្រុកកំណើតរបស់គាត់នៅទីណាដែរ ។

 បច្ចុប្បន្នស្ត្រីដែលសម្រាលកូនក្រោមសំយាបផ្ទះលក់ទូរស័ព្ទខាងលើ ត្រូវបានបងប្អូនអ្នកសារព័ត៌មានរួមទាំងសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយរបស់មន្ទីពេទ្យរុស្ស៊ីដឹកយកទៅសង្គ្រោះនិងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ៕

ដោយ៖ សសម


ចែករំលែក៖