អន្តរជាតិ៖មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រនៅរដ្ឋ Carolina ភាគខាងជើង លោកត្រាំបានបញ្ជាក់ថា បេក្ខភាពអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Kamala Harris ជា«អ្នកប្រមាថដល់ទឹកដីអាមេរិក»ប្រសិនបើលោកស្រីជាប់ឆ្នោតនោះ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី៨ខែកញ្ញា លោកត្រាំបានប្រើពេលវេលាជាច្រើនដើម្បីវាយប្រហារទៅលើគូប្រជែងរបស់លោក គឺបេក្ខភាពប្រធានាធិបតី ចូ បៃឌិន និងបេក្ខភាពអនុប្រធានាធិបតី លោកស្រី Kamala Harris ។
លោកត្រាំបានបញ្ជាក់ថា «មិនមានអ្នកណាចូលចិត្តលោកស្រីនោះឡើយ ដូច្នេះលោកស្រី Kamala Harris មិនអាចក្លាយជាអនុប្រធានាធិបតីបានឡើយ គឺជាភាពអាម៉ាស់ ប្រមាថដល់ទឹកដីអាមេរិក»។ ការលើកឡើងរបស់ លោកត្រាំ គឺជាការសងសឹកក្រោយលោកស្រី Kamala Harris រិះគន់យ៉ាងខ្លាំងពីវ៉ាក់សាំងកូវីដ-១៩ដែលលោកត្រាំគ្រោងអនុម័តដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ។
កន្លងមក លោកស្រី Kamala Harris បានបង្ហាញការសង្ស័យ ទៅលើវ៉ាក់សាំង ដែលលោកត្រាំ បានលើកឡើង។ លោកស្រីបានបន្តទៀតថា គួរណាសតែមានវ៉ាក់សាំង គួរឲ្យទុកចិត្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ជាមួយគ្នានេះដែរ លោកស្រីKamala Harris ក៏បានថ្កោលទោសដល់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានបង្ហោះសារលើបណ្តាញសង្គម Twitter អំពាវនាវដល់ពលរដ្ឋឲ្យទៅបោះឆ្នោតជាលើកទីពីរ ដែលជារឿងមិនធ្លាប់កើតមាននៅលើទឹកដីអាមេរិកនោះឡើយ៕ដោយ៖ធី រីណា