អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា មានករណីវាយប្រហារដ៏រន្ធត់មួយបានកើតឡើងនៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត។
ការវាយប្រហារខាងលើគឺសំដៅទៅលើក្បួនរថយន្តរបស់អនុប្រធានាធិបតី Amrullah Saleh ប៉ុន្តែជាភព្វសំណាង លោកបានរួចផុតពីក្តីស្លាប់ដោយរងរបួសស្រាលតែប៉ុណ្ណោះ។
អ្នកនាំពាក្យអនុប្រធានាធិបតីបានឲ្យដឹងថា គ្រាប់បែកបានបង្កៃនៅក្បែរផ្លូវហើយបានផ្ទុះឡើងពេលក្បួនរថយន្តដឹកអនុប្រធានាធិបតីមកដល់។ លោកRazwan Murad អ្នកនាំពាក្យអនុប្រធានាធិបតីបានលើកឡើងថា «ថ្ងៃនេះជាថ្មីម្តងទៀត សត្រូវរបស់អាហ្វហ្គានីស្ថានបានព្យាយាម សម្លាប់លោកAmrullah Saleh ប៉ុន្តែពួកគេមិនទទួលបានជោគជ័យឡើយ។ លោកAmrullah Saleh បានរួចផុតពីសេចក្តីស្លាប់ដោយគ្រាន់តែរបួសស្រាលប៉ុណ្ណោះ។
ប៉ុន្តែក្រុមអង្គរក្សរបស់លោក Amrullah Saleh បានរងរបួសជាច្រើននាក់។ នៅពេលនេះអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា មានមនុស្ស៦នាក់ស្លាប់និង១២នាក់រងរបួស។
ការវាយប្រហារកើតឡើងនៅថ្ងៃទី ៩ខែកញ្ញា ចំពេលដែលកិច្ចពិភាក្សា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងក្រុមតាលីបង់ ដែលគ្រោងធ្វើឡើង ឆាប់ៗនេះក្នុងទីក្រុងដូហា ប្រទេសកាតារ។
សូមបញ្ជាក់ផងដែរថា លោក Amrullah Saleh ជាបុគ្គលថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមតាលីបង់ លោកធ្លាប់រងការវាយប្រហារម្តងរួចមកហើយក្នុងពេលឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៩ ពេលនោះបានសម្លាប់មនុស្ស ២០នាក់និងជាង៥០នាក់រងរបួស៕ដោយ៖ធី រីណា