ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិនលាលែងចេញពីតំណែង

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេស​ចិន លោក Terry Branstad បានសម្រេចលាលែងចេញពីតំណែង​ក្រោយរយៈពេល​៣ឆ្នាំកាន់តំណែងជាឯកអគ្គរដ្ឋទូត។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យឯកអគ្គរដ្ឋទូតរូបនេះលាលែងចេញពីតំណែងនៅឡើយទេ។
លោកTerry Branstad នឹងចាកចេញពីទីក្រុងប៉េកាំង ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក​នៅខែវិច្ឆិកា ឆ្នាំ​២០២០ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលវិស័យទំនាក់ទំនងការទូតរវាងអាមេរិក​នឹងចិនប្រឈមមុខតានតឹងដាក់គ្នា បន្ទាប់ពី​ប្រទេសទាំងពីរ​បានបិទស្ថានកុងស៊ុល ទៅវិញទៅមក។
កន្លងមកថ្មីៗ រដ្ឋាភិបាលចិនបានប្រកាសថានឹងកាត់បន្ថយចំនួនមន្ត្រីការបរទេស និងបុគ្គលិកអាមេរិក​នៅក្នុងប្រទេស​ចិន ក្រោយរដ្ឋាភិបាលទីក្រុងវ៉ាសុីនតោន​​ មានសកម្មភាពទៅលើបុគ្គលិកការបរទេសចិន​កាលពីថ្ងៃទី​៣ ខែកញ្ញា ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានបញ្ជាក់ថា «ប្រធានាធិបតី​បានជ្រើសរើស​ឯកអគ្គរដ្ឋទូតដែលមានបទពិសោធ​ន៍ក្នុងទំនាក់ទំនងជាមួយចិន រាប់សិបឆ្នាំកន្លងមក។ លោកTerry Branstad គឺជាមនុស្សល្អ តំណាងឲ្យអាមេរិកនៅក្នុងប្រទេសចិន »។ រដ្ឋមន្ត្រីការបរទេសអាមេរិក មិនបានបញ្ជាក់ថា អ្នកណានឹងទទួលតំណែងសំខាន់នេះបន្តនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖