ព័ត៌មានទាន់ហេតុការណ៍៖

Son រកបាន៤គ្រាប់ជួយឲ្យ Tottenham Hotspur ឈ្នះគូប្រកួតសម្រាប់សប្តាហ៍ទី២នៅលីគកំពូលអង់គ្លេស

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនក្នុងការប្រកួតកាលពីម្សិលមិញសម្រាប់ក្រុមTottenham Hotspur ដោយរកបាន៤គ្រាប់ម្នាក់ឯងសម្រាប់ការប្រកួតសប្តាហ៍ទី២នៃក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ទៅលើក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៥ទល់២។

ក្នុងការប្រកួតនោះក្រុមម្ចាស់ផ្ទះ Southampton មានឱកាសរកគ្រាប់បាល់នាំមុខមុនទៅលើក្រុម Tottenham Hotspur នៅនាទីទី៣២ ដោយកីឡាករ Ings ។ ប៉ុន្តែនៅនាទីទី៤៥ ជិតចប់ការប្រកួតតង់ទី១ទៅហើយកីឡាករឆ្នើមរបស់កូរ៉េខាងត្បូង Son Heung-Min របស់ក្រុម Tottenhamរកបាន១គ្រាប់សងវិញធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុមទាំងពីរស្មើគ្នា១ទល់១។

ចូលដល់តង់ទី២ កីឡាករ Son Heung-Min ដដែលមានឱកាសរកបានគ្រាប់បាល់៣គ្រាប់ម្នាក់ឯងបន្ថែមទៀត គឺនៅនាទីទី៤៧ នាទីទី៦៤ និងនាទីទី៧៣ ដែលការស៊ុតបាល់បញ្ចូលទីនេះគឺប្រធានក្រុម Harry Kane ជាអ្នកបញ្ជូនបាល់ឲ្យយ៉ាងល្អ

នៅនាទីទី៨២ ខ្សែប្រយុទ្ធ Harry Kane ក៏រកបាន១គ្រាប់បន្ថែមទៀតជួយឲ្យក្រុម Tottenham Hotspur នាំមុខក្រុមSouthampton ក្នុងលទ្ធផល៥ទល់១។ ប៉ុន្តែនៅនាទីទី៩០ជិតចប់ការប្រកួតទៅហើយ ខ្សែការពាររបស់ក្រុម Tottenham បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ អាជ្ញាកណ្តាលឲ្យបាល់ពិន័យ១១ម៉ែត្រទៅខាងក្រុមSouthampton ដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករ Ings ដដែល ធ្វើឲ្យចប់ការប្រកួត Tottenham ឈ្នះក្រុម Southampton ក្នុងលទ្ធផល៥ទល់២។

សូមបញ្ជាក់ថា ក្របខ័ណ្ឌអង់គ្លេស Premier League បានឈានដល់ប្រកួតសម្រាប់សប្តាហ៍ទី២ហើយ ក្នុងរដូវកាលថ្មី២០២០-២០២១។ កាលពីថ្ងៃបើករដូវកាលថ្មីក្រុមមាន់ខ្នាយមាស Tottenham Hotspur បានភ្លាត់ស្នៀតចាញ់ក្រុម Everton នៅក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល១ទល់០ ទើបតែការប្រកួតសប្តាហ៍ទី២នេះបានឈ្នះគូប្រកួតមកវិញ ធ្វើឲ្យក្រុមមាន់ខ្នាយមាសឈរនៅចំណាត់ថ្នាក់លេខ៥ បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាលថ្មីនេះដោយ៖ភារៈ


ចែករំលែក៖