ព័ត៌មានទាន់ហេតុការណ៍៖

រុញទ្វារបន្ទប់ទឹកស្រាប់តែឃេីញក្មួយចងកស្លាប់បាត់ទៅហើយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីមកលេងផ្ទះពូមិនបានមួយព្រឹកផង គឺទើបតែបាន៣ម៉ោងប៉ុណ្ណោះ ក៏ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសដែលសម្រេចចិត្តធ្វើអត្តឃាតដោយខ្លួនឯងនេះ មានឈ្មោះ ម៉ូវ សាវឿន អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ស្រីណាវ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ក្នុងបន្ទុកគ្រួសារ។ ថ្វីដ្បិតតែបុរសរូបនេះមានស្រុកកំណើតនៅក្នុងភូមិកើតហេតុក៏ពិតមែន តែក្រោយពីមានប្រពន្ធក៏បានទៅរស់នៅស្រុកខាងប្រពន្ធ នៅភូមិតាលាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ច្រើនឆ្នាំមកហើយ ។

តាមបុរស ម៉ូវ វិត អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាពូ រស់នៅផ្ទះកើតហេតុបានឲ្យដឹងថា គាត់ទើបតែទៅស្រុកភ្នំស្រួចយកក្មួយនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះទេ ស្រាប់តែនៅវេលាម៉ោង៧ព្រឹកថ្ងៃដដែលនេះ គាត់ឃើញក្មួយរបស់គាត់ចូលបន្ទប់ទឹកដែរតែមិនបានចាប់អារម្មណ៍។ លុះត្រូវដឹកគោយកទៅចង គាត់ក៏ហៅរកក្មួយឲ្យជួយដឹកគោតែមិនឮសូរឆ្លើយសោះ។ដោយ មិនអស់ចិត្តគាត់ក៏ដើរទៅរុញទ្វារ ស្រាប់តែប្រទះឃើញក្មួយចងកស្លាប់បាត់ទៅហើយ ដោយយកខ្សែគោចងភ្ជាប់នឹងមេដំបូល ទើបឆោឡោរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យ ។

បើតាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងដែរថាក្នុងរយៈពេល៣ថ្ងៃក្រោយនេះ បុរសខាងលើមានអារម្មណ៍មិននឹងន និយាយស្តីមិនប្រក្រតី ខណៈដែលគ្មានទំនាស់អ្វីនៅក្នុងគ្រួសារសោះ បែរជាកើតមានអាការៈរសេះរសោះ មិនចូលផ្ទះ ភាំងៗ ហាក់ដូចជាមនុស្សខ្មោចចូល (នេះបើតាមអបិយជំនឿខ្មែរ)។ ដោយឃើញមិនស្រួល ប្រពន្ធក៏បានហៅឪពុកមា ឈ្មោះ ម៉ូវ វិត ឲ្យទៅជួយមើលនៅល្ងាចថ្ងៃទី២០ ខែកញ្ញា ម្សិលមិញ ហើយឌុបនាំមកផ្ទះនៅភូមិត្មាតពង សង្កាត់បឹងធំ វេលាម៉ោង៤ទៀបភ្លឺ ស្រាប់តែដល់វេលាម៉ោង៧ព្រឹក ប្រទះឃើញចងកសម្លាប់ខ្លួនទៅវិញ ។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាតដោយខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖