ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាប្រទេសអារ៉ាប់បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីអំពើហិង្សាកើតឡើងក្នុងតំបន់

ចែករំលែក៖

អន្តរជាតិ៖នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី​៧៥ ថ្ងៃទី​២៣ ខែកញ្ញា មេដឹកនាំបណ្តាប្រទេសតំបន់អារ៉ាប់បានបង្ហាញក្តីព្រួយបារម្ភពីអំពើហិង្សា​កើតឡើងក្នុងតំបន់នេះ ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិក នឹងអុីរ៉ង់ កាន់តែតានតឹង​។
នៅក្នុងឃ្លីបវីដេអូ​ដែលបានផ្ញើទៅកាន់មេដឹកនាំជុំវិញពិភពលោក​ ប្រធានាធិបតី​ អុីរ៉ាក់ លោកBarham Saleh បានបញ្ជាក់ថា​ លោកមិនចង់ឲ្យប្រទេសតំបន់ឈូងសមុទ្រក្លាយទៅជាទីលានធ្វើសង្គ្រាមរបស់ប្រទេសខាងក្រៅនោះឡើយ។ លោកបានបញ្ជាក់ថា ពលរដ្ឋអុីរ៉ាក់បានប្រឈមនឹងការវាយប្រហារជាច្រើនរួចមកហើយនាពេលកន្លងមក។ ដូច្នេះ យើងមិនចង់ឲ្យមានហេតុការណ៍បែបនេះកើតឡើងឡើយ​។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz បានអំពាវដល់ពិភពលោក​ទាំងមូលមានវិធានការបញ្ជៀសការប្រឈមមុខដាក់គ្នាក្លាយទៅជាអំពើហិង្សា។
ព្រះមហាក្សត្រ​Salman bin Abdulaziz ក៏បានលើកឡើងថា អុីរ៉ង់បានប្រើប្រាស់កិច្ចព្រមព្រៀង​បរមាណូកាលពីឆ្នាំ​២០១៥ដើម្បីបង្កើតបណ្តាញភេរវកម្ម ។ ចំពោះអុីស្រាអែលនិងប៉ាឡេស្ទីនវិញ​​ ព្រះអង្គក៏បានស្នើឲ្យភាគីទាំងពីរពិភាក្សាគ្នាដោយយុត្តិធម៌ និងទាំងស្រុង​ដើម្បីបញ្ចប់ជម្លោះ​ឈានដល់សន្តិភាពពេញលេញ។
ក្រៅពីនេះ នៅក្នុងសប្តាហ៍នៃមហាសន្និបាតអង្គការសហប្រជាជាតិ​ បញ្ហាសមុទ្រចិនភាគខាងត្បូងក៏ត្រូវបានប្រទេសដែលមានវិវាទលើកមកនិយាយផងដែរ​។ នៅពេលបើកកិច្ចប្រជុំ អនឡាញ​អគ្គលេខាធិការអង្គការសហប្រជាជាតិ​ ក៏បានបង្ហាញពីក្តីបារម្ភអំពើហិង្សាកើតឡើង ដោយអំពាវនាវឲ្យពិភពលោករួបរួមគ្នា​ដោះស្រាយបញ្ចប់រាល់ការប្រឈមមុខ៕

ដោយ៖ធី រីណា


ចែករំលែក៖