ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌានិងចិន​បានបង្កើនសកម្មភាពបញ្ជូនទាហានចេញពីតំបន់ព្រំដែនមានវិវាទ ក្នុងពេលរដូវរងាជិតមកដល់

ចែករំលែក៖

នៅពេលរដូវរងាជិតមកដល់ ចិន និងឥណ្ឌាក៏បានប្រញាប់បញ្ជូនទាហានចេញពីតំបន់ព្រំដែន ដែលកំពុងតែមានវិវាទរយៈពេលកន្លងមក ។ តំបន់ព្រំដែនដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា នោះគឺមានកម្ពស់ពី​ទឹកសមុទ្រ​ដល់ទៅ​៤៥០០ម៉ែត្រ​ និងកង្វះអុកស៊ីហ្សែន​​ អាកាសធាតុធ្លាក់ចុះខ្លាំងនៅក្នុងខែតុលានេះ​ប៉ះពាល់យ៉ាងខ្លាំង​ដល់សកម្មភាពស្នាក់នៅរបស់យោធា​។
អ្នកឯកទេសយោធា Zhou Chenming នៅទីក្រុងប៉េកាំង ​បានលើកឡើងថា កម្លាំងទាហាន អាចប្រឈមនឹងអាកាសធាតុ អាក្រក់ ត្រជាក់ខ្លាំង។ លោក Zhou Chenming បានឲ្យដឹងថា​អាកាសធាតុនៅតំបន់ជ្រលងភ្នំ ​Himalaya​ ធ្លាក់ចុះដល់ទៅ​ដក​៤០អង្សាសេ​។ ដូច្នេះពេលរដូវរងាមកដល់ ការរក្សាអាយុជីវិតគឺជារឿងសំខាន់បំផុត​។
សកម្មភាពធ្វើឡើង ក្រោយពេលដែល​មេទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ដោយបានសម្រេច កាត់បន្ថយកម្លាំងទាហាននៅព្រំដែន ក្នុងរដូវរងា បញ្ចៀសផលប៉ះពាល់ ដល់កម្លាំងទាហាន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត គឺកម្លាំងកាំជ្រួចមីស៊ីលឥណ្ឌា​បានបាញ់សាកល្បងមីស៊ីល​ Prithvi-II ដោយជោគជ័យ។ មីស៊ីលខាងលើ​អាចបំពាក់ក្បាលគ្រាប់បរមាណូ​បាន។
មីស៊ីល Prithvi-II ផលិតដោយបច្ចេកវិទ្យាឥណ្ឌា​ផ្ទាល់ ។ ការបាញ់សាកល្បង​មីស៊ីល​បានធ្វើឡើងនៅឆ្នេរសមុទ្រ Chandipur ស្ថិតនៅក្នុងស្រុក Balasore ។​ មីស៊ីលខាងលើ​បាញ់បានចម្ងាយដល់ទៅ ២០៨ គីឡូម៉ែត្រ នៅភាគខាងជើង​។
មីស៊ីល​Prithvi-II អាចបាញ់បានចម្ងាយ​ដល់ទៅ​៣៥០គីឡូម៉ែត្រ ​អាចបំពាក់ក្បាលគ្រាប់មានទម្ងន់ចាប់ពី​៥០០ ដល់១០០០គីឡូក្រាម។ កាលពីឆ្នាំ​២០១៩ មីស៊ីល​ខាងលើ​បានសាកល្បងទទួលបានជោគជ័យ ៕ដោយ៖ធី រីណា


ចែករំលែក៖