អន្តរជាតិ៖ លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី២៤ ខែកញ្ញាថ្មីៗនេះ បានអំពាវនាវឲ្យភាគីជម្លោះទាំងអស់ គោរពតាមច្បាប់អន្តរជាតិនិងបញ្ឈប់សកម្មភាពឯកតោភាគី ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញនៅក្នុងតំបន់ដែនទឹកជម្លោះ ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីរូបនេះ ក៏បានប្តេជ្ញារក្សាស្ថិរភាព សន្តិភាព សន្តិសុខ នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយចិន និងបណ្តាប្រទេសអាស៊ានផ្សេងទៀត ត្រូវគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)។នេះបើយោងតាមរយៈវីដេអូថតទុក និងបានចាក់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសម័យCOVID-19 ។
នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោក ង្វៀន ភូជុង បានលើកឡើងបញ្ហាជាច្រើនរួមមាន៖ COVID-19 បញ្ហាទាក់ទិនអង្គការសហប្រជាជាតិ ជាពិសេសគឺសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា «សមុទ្រខាងកើត»។ ជាក់ស្តែងជាភាគីមួយនៃជម្លោះសមុទ្រចិនខាងត្បូង វៀតណាមតែងតែលើកឡើងពីភាពតានតឹង និងការទាមទាររបស់ចិនប្រាប់វេទិកាអន្តរជាតិ។
សូមជម្រាបថា កន្លងមក ចិនបានធ្វើសកម្មភាពអុងអាត់ជាឯកតោភាគី ក្នុងសមុទ្រចិនខាងត្បូង តាមរយៈសមយុទ្ធយោធា និងនាវាយាមល្បាតរបស់ខ្លួនដែលបង្កឲ្យវៀតណាមដាក់ការតវ៉ាជាញឹកញាប់។ ក្នុងវីដេអូដដែលនេះ លោកប្រមុខរដ្ឋវៀតណាម ក៏បានអំពាវនាវឲ្យភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមរយៈនីតិផ្សេងៗជាច្រើនទៀតដូចជាការទូត ឬតាមនីតិវិធីច្បាប់ជាដើម។
គួរបញ្ជាក់ថា តាមរយៈ «បន្ទាត់ក្រហម៩ឆ្នូត» ចិនបានទាមទារស្ទើរតែ៩០ភាគរយនៃដែនទឹកក្នុងសមុទ្រចិនខាងត្បូង ដោយផ្អែកតាមច្បាប់សមុទ្រអន្តរជាតិ និង ហេតុផលប្រវត្តិសាស្ត្ររបស់ខ្លួន។ ការទាមទាររបស់ចិនបែបនេះ បានធ្វើឲ្យជាន់លើដែនទឹក ដែលទាមទារដោយបណ្តាប្រទេសអាស៊ានផ្សេងទៀត ដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី៕ដោយ៖ស តារា