នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាតិថា លោកបានស្នើឲ្យពិភពលោកត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ពីប្រភពកូវីដ-១៩ឲ្យបានច្បាស់លាស់។
តាមការលើកឡើងរបស់លោក Scott Morrison ការស្រាវជ្រាវជាសាកលនឹងត្រូវបានធ្វើឡើងដើម្បីបង្ហាញឲ្យពិភពលោកបានដឹងច្បាស់ពីប្រភពកូវីដ-១៩។ លោកScott Morrison បានបញ្ជាក់ថា វីរុសកូវីដ-១៩ បានឆ្លងរាលដាលដល់មនុស្សជុំវិញពិភពលោកជាង៣២លាននាក់ និងស្លាប់ជិតមួយលាននាក់។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីដូចទៅនឹងអ្វីដែលលោក លើកឡើងនាពេលកន្លងមកបង្កឲ្យមានភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិន ។ កន្លងមក នាយករដ្ឋមន្ត្រីអូស្ត្រាលីបានស្នើឲ្យបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្ត្រាលី បានលើកឡើងថា ការស្រាវជ្រាវពីប្រភពនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនងទ្វេភាគី ។
ចាប់តំាងពីចិនដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើប្រទេសអូស្ត្រាលីមកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច ។ ទន្ទឹមនឹងនោះក្នុងវិស័យនាំចូលសាច់គោពីអូស្ត្រាលីក៏ត្រូវបានផ្អាក។ជាមួយគ្នានោះចិនបានដំឡើងពន្ធក្នុងវិស័យកសិកម្មធ្វើឲ្យអូស្ត្រាលីត្រូវខាតបង់ ជាង៣០០លានដុល្លារ។
ទីក្រុងប៉េកាំង បានចោទអូស្ត្រាលី បានធ្វើតាមអាមេរិក ក្នុងគោលដៅចូលទៅកាន់ទីតាំងពិសោធន៍ ជីវសាស្ត្ររបស់ចិននៅទីក្រុងវូហាន ។ កន្លងមកអង្គការសុខភាពពិភពលោក បានបញ្ជាក់យ៉ាងច្បាស់ពីប្រភពកូវីដ-១៩ ដោយបញ្ជាក់ថាមិនបានលេចចេញពីមន្ទីរពិសោធន៍របស់ចិននោះឡើយ តែអាមេរិក និងសម្ពន្ធមិត្តនៅតែទាមទារធ្វើការស្រាវជ្រាវ៕ដោយ៖ធី រីណា