ភ្នំពេញ៖ សុភាពនារី ពិតណាស់ចង់ក្រេបយកចំណេះវិជ្ជាពីរបៀបធ្វើម្ហូបឱ្យប្លែកៗ តម្រូវចិត្តគ្រួសារ។ តោះចុងសប្តាហ៍ផង មករៀនរូបមន្តវិធីធ្វើបុកកាពិ ឆ្ងាញ់ពិសា គ្រាន់តែក្នុងនោះមាន គ្រឿងផ្សំ៖ កាពិ ៣ស្លាបព្រាបាយ,បង្គាក្រៀម ២ស្លាបព្រាបាយ(ដាក់ ឬមិនដាក់ក៏បាន),ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម(ដាក់តាមចំណូលចិត្ត),ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ,ស្ករ ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,បន្លែអន្លក់មាន ស្ពៃក្តោប ត្រសក់ ត្រប់ ពោតបារាំង ការ៉ុត…,ត្រីប្លាធូ,ពងទាចៀនស្អំ។
*ចំពោះវិធីធ្វើងាយៗបំផុតដូចខាងក្រោម៖
ទី១-យកត្រីប្លាធូចៀនឲ្យឆ្អិនក្រៀមល្មម ទុកមួយអន្លើរ។
ទី២-យកកាពិទៅអាំង ឬដុតមួយសន្ទុះ ដើម្បីឲ្យវាឆ្អិន រួចទុកអន្លើរ។
ទី៣-យកបង្គាក្រៀមបុកឲ្យម៉ត់ល្មម រួចដួសទុកអន្លើរ។
ទី៤-បន្ទាប់មកយកត្បាល់ដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់បុកចូលគ្នាឲ្យម៉ត់ល្មម រួចដាក់កាពិ និងបង្គាក្រៀមចូលបុកចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ត្រប់ពុតលំញងចូលជាការស្រេច៕
ប្រភព៖ អ៊ាង សុផល្លែត