ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង-ចិន​ ប្រារព្ធពិធី​ប្រគល់ធាតុទាហាន​១១៧នាក់

ចែករំលែក៖

កូរ៉េខាងត្បូង នៅថ្ងៃទី ២៧ខែកញ្ញា បានប្រារព្ធពិធីប្រគល់ធាតុទាហានចិន​១១៧នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ នៅឆ្នាំ​១៩៥០-១៩៥៣។ នេះជាពិធីប្រគល់ធាតុទាហានចិនលើកទី​៧ហើយតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីឆ្នាំ​២០១៤។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹង​ថា ក្រៅពីធាតុទាហានទាំង​១១៧រូប នៅមាន​ សម្ភារ វត្ថុបុរាណ​ដល់ទៅ​ ១.៣៦៨ ប្រភេទដែលជីករកឃើញក្នុងអំឡុងខែមីនា ដល់ខែធ្នូឆ្នាំ​២០១៩។​ ក្នុងចំណោមនោះមាន ធាតុ១០៣ឈុតរកឃើញក្នុងតំបន់ Hwasalmori ស្ថិតនៅព្រំដែនអន្តរយោធាកូរ៉េ (DMZ) រវាងកូរ៉េទាំងពីរ​។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ចំនួនធាតុទាហានប្រគល់ទៅឲ្យចិនវិញនៅក្នុងឆ្នាំនេះមានច្រើនដោយសារតែ​ការខិតខំ​និងទទួលបានលទ្ធផលល្អពីការរុករកធាតុទាហានស្លាប់ក្នុងសង្គ្រាមឧបទ្វីប ស្ថិតនៅតំបន់ស ព្រំដែនប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ ក្រសួងការពារជាតិកូរ៉េខាងត្បូង សង្ឃឹមថា នៅពេលខាងមុខ នឹងរកឃើញធាតុទាហានជាច្រើនផ្សេងទៀត។
កាលពីឆ្នាំ២០១៤ កូរ៉េខាងត្បុង​បានបញ្ជូនធាតុទាហាន​៤៣៧នាក់ទៅឲ្យចិនវិញ​។ ចំណែកនៅឆ្នាំ​២០១៥ មានធាតុទាហាន​៦៨នាក់, ឆ្នាំ​២០១៦មាន​ធាតុទាហាន៣៦នាក់,ឆ្នាំ​២០១៨មាន ធាតុទាហាន​២០នាក់ និងឆ្នាំ​២០១៩មាន​ធាតុទាហាន១០នាក់។ ពិធីប្រគល់ឆ្នាំនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Incheon មានការចូលរួមពីអតីតទាហានក្នុងសម័យសង្គ្រាមឧបទ្វីបកូរ៉េ៕

ដោយ៖ធី រីណា


ចែករំលែក៖