កូរ៉េខាងត្បូង នៅថ្ងៃទី ២៧ខែកញ្ញា បានប្រារព្ធពិធីប្រគល់ធាតុទាហានចិន១១៧នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ នៅឆ្នាំ១៩៥០-១៩៥៣។ នេះជាពិធីប្រគល់ធាតុទាហានចិនលើកទី៧ហើយតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៤។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ក្រៅពីធាតុទាហានទាំង១១៧រូប នៅមាន សម្ភារ វត្ថុបុរាណដល់ទៅ ១.៣៦៨ ប្រភេទដែលជីករកឃើញក្នុងអំឡុងខែមីនា ដល់ខែធ្នូឆ្នាំ២០១៩។ ក្នុងចំណោមនោះមាន ធាតុ១០៣ឈុតរកឃើញក្នុងតំបន់ Hwasalmori ស្ថិតនៅព្រំដែនអន្តរយោធាកូរ៉េ (DMZ) រវាងកូរ៉េទាំងពីរ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ចំនួនធាតុទាហានប្រគល់ទៅឲ្យចិនវិញនៅក្នុងឆ្នាំនេះមានច្រើនដោយសារតែការខិតខំនិងទទួលបានលទ្ធផលល្អពីការរុករកធាតុទាហានស្លាប់ក្នុងសង្គ្រាមឧបទ្វីប ស្ថិតនៅតំបន់ស ព្រំដែនប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ ក្រសួងការពារជាតិកូរ៉េខាងត្បូង សង្ឃឹមថា នៅពេលខាងមុខ នឹងរកឃើញធាតុទាហានជាច្រើនផ្សេងទៀត។
កាលពីឆ្នាំ២០១៤ កូរ៉េខាងត្បុងបានបញ្ជូនធាតុទាហាន៤៣៧នាក់ទៅឲ្យចិនវិញ។ ចំណែកនៅឆ្នាំ២០១៥ មានធាតុទាហាន៦៨នាក់, ឆ្នាំ២០១៦មានធាតុទាហាន៣៦នាក់,ឆ្នាំ២០១៨មាន ធាតុទាហាន២០នាក់ និងឆ្នាំ២០១៩មានធាតុទាហាន១០នាក់។ ពិធីប្រគល់ឆ្នាំនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Incheon មានការចូលរួមពីអតីតទាហានក្នុងសម័យសង្គ្រាមឧបទ្វីបកូរ៉េ៕
ដោយ៖ធី រីណា