អន្តរជាតិ៖ បន្ទាប់ពីករណីស្លាប់របស់តារាសម្តែង Yuko Takeuchi ដែលស្គាល់ថា «Miss Sherlock» បានធ្វើឲ្យប្រជាជាតិជប៉ុនទាំងមូលភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំង។ មិនតែប៉ុណ្ណោះនៅមុនករណីស្លាប់របស់តារាភាពយន្តរូបនេះ ក៏មានតារាជប៉ុនល្បីៗមួយចំនួនបានធ្វើអត្តឃាតជាបន្តបន្ទាប់ក្នុងឆ្នាំ២០២០នេះផងដែរ។
ទាក់ទិននឹងបញ្ហានេះ បានធ្វើឲ្យរដ្ឋាភិបាលជប៉ុន មានការព្រួយបារម្ភខ្លាំងក៏បានទទូចឲ្យពលរដ្ឋស្វះស្វែងរកជំនួយ ប្រសិនបើពួកគេពិបាកដោះស្រាយបញ្ហាដែលជួបប្រទះក្នុងជីវិត។
ជាក់ស្តែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ដោយពុំបាននិយាយចំៗដល់ករណីណាមួយឡើយ ក៏បានកត់សម្គាល់ថា ពលរដ្ឋខ្លះកំពុងជួបការលំបាកក្នុងការដោះស្រាយបញ្ហាក្នុងជីវិតពួកគេអំឡុងវិបត្តិ COVID-19 ។ត្រង់ចំណុចនេះលោកលើកឡើងពីកំណើននៃករណីធ្វើអត្តឃាតចាប់តាំងពីខែកក្កដាមក។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានដងស្រង់ប្រសាសន៍លោក Kato ដែលជាអតីតរដ្ឋមន្ត្រីសុខាភិបាលជប៉ុនក្រោមអាណត្តិលោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ អះអាងថា៖«យើងត្រូវតែទទួលស្គាល់ការពិតថា មនុស្សជាច្រើនបានបញ្ចប់ជីវិតដ៏មានតម្លៃពួកគេ» ។ បន្ថែមពីនេះអតីតរដ្ឋមន្ត្រីសុខាភិបាលជប៉ុនរូបនេះ ដោយទទូចឲ្យសាធារណជនស្វះស្វែងជំនួយ តាមរយៈសេវាកម្មនានារបស់រដ្ឋាភិបាល។
សូមជម្រាបថា កាលពីដើមខែកញ្ញានេះ តារាសម្តែងស្រីដ៏ល្បីឈ្មោះ Sei Ashina បានត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ ក្នុងទម្រង់ជាការធ្វើអត្តឃាត ខណៈតារាសម្តែងប្រុស Haruma Miura ដែលសម្តែងក្នុងរឿងAttack on Titan ក៏ត្រូវបានរាយការណ៍ថាសម្លាប់ខ្លួនផងដែរក្នុងខែកក្កដាកន្លងទៅ។
ចំណែក តារាស្រី Hana Kimura អាយុ ២២ ឆ្នាំ សម្តែងក្នុងកម្មវិធីទូរទស្សន៍របស់ Netflix «Terrace House» ក៏ត្រូវបានប្រទះឃើញស្លាប់ក្នុងខែឧសភា ក្រោយរងការព្យុះរិះគន់តាមអនឡាញ ។
គួរបញ្ជាក់ថា ក្នុងខែសីហា ប្រទេសជប៉ុន មានករណីអត្តឃាតជិត ១៩០០ករណី ដែលកើន ១៥,៣ បើធៀបនឹងឆ្នាំមុន៕
ដោយ៖ស តារា