ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ ថា៖ សហភាព​អឺរ៉ុប ជាអ្នក​ជួយ​តៃវ៉ាន់​ក្នុងការ​ទាមទារប្រើឈ្មោះស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអង្គការអភិបាលក្រុងដើម្បីអាកាសធាតុ និងថាមពល​(Global Covenant of Mayors for Climate and Energy ) ដែលមានមូលដ្ឋាននៅទីក្រុងព្រុសែ ក្រោយអង្គការនេះបានចុះបញ្ជីទីក្រុងរបស់តៃវ៉ាន់ចំនួន ជាទីក្រុងរបស់ចិននៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានអះអាងថា សហភាពអឺរ៉ុប បានជួយតៃវ៉ាន់ក្នុងការទាមទារឲ្យអង្គការអន្តរជាតិមួយនេះ កែតម្រូវដាក់ទីក្រុងរបស់តៃវ៉ាន់ មកស្ថិតក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់វិញ

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានប្រកាសថា ក្រោយតៃវ៉ាន់តវ៉ា អង្គការអភិបាលក្រុងខាងលើបានប្តូរមកដាក់ទីក្រុងទាំងនោះ ទៅជាផ្នែករបស់ឆាយនីតៃប៉ិ​(Chinese Taipei) វិញ រដ្ឋាភិបាលតៃវ៉ាន់ប្រើប្រាស់ឈ្មោះ «​ឆាយនីតៃប៉ិ​» នៅក្នុងស្ថាប័នអន្តរជាតិនានាដូចជាកីឡាអូឡាំពិក ដើម្បីកុំឲ្យចិនជំទាស់នឹងការចូលរួមរបស់តៃវ៉ាន់នៅក្នុងស្ថាប័នទាំងនោះ

បញ្ហានេះហើយបានធ្វើឲ្យតៃវ៉ាន់ បានបង្ហាញការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះការដាក់ឈ្មោះទីក្រុងរបស់ខ្លួនឲ្យស្ថិតក្រោមចិន នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang បានរិះគន់ការដាក់ឈ្មោះនេះ ហើយប្រកាសថា« តៃវ៉ាន់ គឺតៃវ៉ាន់ ចំណែកចិន គឺចិន តៃវ៉ាន់ មិនមែនជាទីក្រុងរបស់ចិនឡើយ​»​ លោកបន្តថា បើសិនជាមានការប្រើឈ្មោះខុសបែបនេះ ជារឿងខុសឆ្គងខ្លាំងមែនទែន

ដោយឡែកបើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខការទូតតៃវ៉ាន់ បានអះអាងថា សហភាពអឺរ៉ុប ជាអ្នកជួយតៃវ៉ាន់ ក្នុងការទាមទារឲ្យប្តូរឈ្មោះនោះប៉ុន្តែលោកពុំបានបញ្ជាក់ថាសហភាពអឺរ៉ុបជួយដោយវិធីណាឡើយ លោកនិយាយថា «​យើងទាំងអស់គ្នាសប្បាយចិត្ត ចំពោះការធ្វើការរបស់អ្នកទាំងអស់គ្នា ដែលបានដាក់ឈ្មោះមកដូចដើមវិញ​» លោកទទួលស្គាល់ថាមានអ្នកមិនពេញចិត្តនឹងឈ្មោះឆាយនីតៃប៉ិនេះ ប៉ុន្តែវាប្រសើរជាងស្ថិតនៅក្រោមឈ្មោះប្រទេសដទៃ

សូមជម្រាបថា កាលពីសប្តាហ៍កន្លងទៅ មន្ត្រីតៃវ៉ាន់ បានតវ៉ាទៅអង្គការអភិបាលក្រុងមួយនេះ ដោយអភិបាលក្រុងចំនួនបានផ្ញើលិខិតតវ៉ាទាមទារឲ្យ អភិបាលក្រុងដើម្បីអាកាសធាតុ និងថាមពល លុបចោលសេចក្តីសម្រេចចិត្តនោះ

ជុំវិញបញ្ហានេះដែរ បើមែនទែនទៅ រដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ ពុំមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ឡើយ ចំណែកសហភាពអឺរ៉ុប ក៏ពុំហ៊ានបង្ហាញពីទំនាក់ទំនងនោះឲ្យពេញលេញដែរ ដោយខ្លាចចិនដែលជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ខឹងសម្បារ បុរីវា់ទីកង់ ជាប្រទេសនៅតំបន់អឺរ៉ុបតែមួយគត់មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់

ប្រទេសចិន តាំងតែពីដើមឡើយតែជំរុញឲ្យអង្គការ និងក្រុមហ៊ុនអន្តរជាតិចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន នៅលើគេហទំព័រ ក៏ដូចជាឯកសារផ្លូវការផងដែរ ការចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិននេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាល និងប្រជាជនតៃវ៉ាន់ខឹងសម្បារ កាលពីខែមុន អង្គការអភិរក្សបក្សីរបស់តៃវ៉ាន់ ត្រូវបានអង្គការសត្វព្រៃរបស់អង់គ្លេសមួយ បណ្តេញចេញក្រោយពេលអង្គការតៃវ៉ាន់នេះ មិនព្រមចុះកិច្ចហត្ថលេខាលើឯកសារដែលបញ្ជាក់ថា មិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់

គួរបញ្ជាក់ថា អង្គការអភិបាលក្រុងដើម្បីអាកាសធាតុ និងថាមពល គឺជាអង្គការដែលមានបេសកកម្មជំរុញសកម្មភាពការពារបរិស្ថាន និងថាមពលនៅជុំវិញពិភពលោក ដែលមានទីក្រុងជាសមាជិកចំនួនជាងម៉ឺន និងមានប្រជាជនរស់នៅចំនួន៩៤៤លាននាក់

ដោយ៖ស តារា


ចែករំលែក៖