ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមអាមេនី – អាហ្សែបៃហ្សង់ កំពុងតែក្តៅ តើប្រទេសទាំងពីរមានអាវុធទំនើបនិងកម្លាំងទាហានច្រើនប៉ុនណា?

ចែករំលែក៖

សង្គ្រាមរវាង អាមេនី – អាហ្សែបៃហ្សង់ កំពុងតែកើនកម្តៅដោយប្រទេសទាំងពីរ​បានបង្កើនការវាយប្រហារគ្នាយ៉ាងខ្លាំង​។

តើប្រទេសទាំងពីរ​​មានកម្លាំងទាហាននិងអាវុធច្រើនប៉ុនណា?
កម្លាំងទាហានអាហ្សែបៃហ្សង់ មានប្រៀបពីចំនួនទាហាន​ថ្មើរជើង​(កម្លាំងទាហានជើងគោក)។ ចំណែកប្រទេស​អាមេនី មានប្រៀប ខាងកម្លាំងទាហានអាកាស និងយន្តហោះចម្បាំង​។ ប្រទេស​អាមេនី មានទំនាក់ទំនងល្អជាមួយរុស្ស៊ី​ ចំណែកអាហ្សែបៃហ្សង់ ទទួលបានការគាំទ្រពីប្រទេសតួកគី​។
អំពីកម្លាំងទាហានជើងគោក៖

តាមសារព័ត៌មាន Global Fire Power (GFP) បានផ្សាយថា អាមេនីមានកម្លាំងទាហានប្រមាណ ២៤៥.០០០នាក់ ក្នុងនោះមានកម្លាំងឧទ្ធម្ភាគចក្រ​៤៥ពាន់នាក់ និងទាហានបម្រុង​២សែននាក់ផងដែរ​។
ចំណែកអាហ្សែបៃហ្សង់ មានកម្លាំងទាហានដល់ទៅ​៤២៦.០០០នាក់ ប៉ុន្តែទាហានកំពុងបំពេញការងារ​១២៦ពាន់នាក់ និង ទាហានបម្រុង​៣សែននាក់​។
បើនិយាយពីចំនួនទាហានអាហ្សែបៃហ្សង់មានច្រើនជាង​ប្រទេសអាមេនី។
អំពីសម្ភារសឹក​​កម្លាំងទាហានជើងគោកអាមេនីមានរថក្រោះ​១១០គ្រឿង​​​ ក្នុងនោះមានរថក្រោះទំនើបំផុតគឺ T-90S ផលិតដោយប្រទេសរុស្ស៊ី​ មានប្រមាណ​ពី១០-៣០គ្រឿង។ ក្រៅពីនេះគឺ​រថក្រោះប្រភេទT-72 មាន​១០០គ្រឿង។ ជាមួយគ្នានេះ មានរថពាស​ដែក ៧៤៨គ្រឿង ​កាំភ្លើងធំ​៣៨គ្រឿង​ ប្រព័ន្ធរ៉ុក្កែត​៦៨គ្រឿង​។​ កម្លាំងទាហានរថក្រោះ រថពាសដែក​របស់អាមេនី ឈរលំដាប់ទី​៧២ ​ក្នុងចំណោម១៣៨​ប្រទេស​។
តាមការប្រកាសរបស់រុស្ស៊ី កន្លងមក រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ​ Iskander ៤គ្រឿងទៅឲ្យប្រទេស Iskander។ ក្រៅពីនេះ Iskander ក៏មានមីស៊ីល Scud-B និងមីស៊ីលOTR-21 Tochka។
ចំណែកទាហានជើងគោកអាហ្សែបៃហ្សង់ មានរថយន្តធ្វើសង្គ្រាម ៥៧០គ្រឿង​ រថក្រោះ​១០០គ្រឿង ប្រភេទT-90S រថពាសដែក ៤៧០គ្រឿងប្រភេទT-72 និងប្រព័ន្ធ រ៉ុក្កែត​១៦២គ្រឿង​។ កម្លាំងរថពាសដែកអាហ្សែបៃហ្សង់ឈរលំដាប់ទី​៣០ ក្នុងចំណោម​១៣៨ ប្រទេស។
អំពីកម្លាំងទាហានអាកាស៖
ទាហានអាកាសអាមេនី មានយន្តហោះចម្បាំង​​៦៤គ្រឿងគ្រប់ប្រភេទ​​ ក្នុងនោះមានយន្តហោះចម្បាំងស្វ័យប្រវត្តិ Su-30SM ៤គ្រឿងផលិតដោយប្រទេសរុស្ស៊ី​ យន្តហោះSu-25 ចំនួន​១៣គ្រឿង ។ ក្រៅពីនេះនៅមានឧទ្ធម្ភាគចក្រ ១៥គ្រឿង ប្រភេទ​Mi-24, Mi-35​ និងឧទ្ធម្ភាគចក្រ យន្តហោះដឹកជញ្ជូនជាច្រើនគ្រឿងផ្សេងទៀត​។ ភាគច្រើនអាវុធរបស់ប្រទេសអាមេនីគឺទិញពីប្រទេសរុស្ស៊ី​។
ចំណែកទាហានអាកាស​អាហ្សែបៃហ្សង់ មានយន្តហោះចម្បាំង ១៤៧គ្រឿង​​ ក្នុងនោះមានយន្តហោះចម្បាំង MiG-29​ ចំនួន​១២គ្រឿង។ យន្តហោះ Su-25 ចំនួន​១២ គ្រឿង និង​ឧទ្ធម្ភាគចក្រ​Mi-24/Mi-35ចំនួន១២គ្រឿង​។ ក្រៅពីនេះនៅមានយន្តហោះ Bayraktar TB2 ផលិតដោយប្រទេសទួកគី ។ ជាមួយគ្នានេះក៏មានយន្តហោះគ្មានមនុស្សបើកវាយលុក​ជាច្រើនគ្រឿង ផងដែរ​។
ប្រព័ន្ធការពារដែនអាកាស៖
ប្រទេសអាមេនី និង អាហ្សែបៃហ្សង់ មានមីស៊ីលការពារដែនអាកាស S-300 ផលិតដោយប្រទេសរុស្ស៊ីដូចគ្នា អាចវាយប្រហារបានចម្ងាយ​ដល់ទៅ​២៥០គីឡូម៉ែត្រ​​។ ក្រៅពីនេះក៏មានប្រព័ន្ធមីស៊ីល​ជាច្រើនប្រភេទទៀត។
សរុបសេចក្តីមក ​កម្លាំងទាហាននិងសម្ភារសឹកប្រទេសអាហ្សែបៃហ្សង់ មានប្រៀបលើប្រទេស​អាមេនី ​។
អំពីកម្លាំងទាហានជើងទឹក៖ ដោយសារតែប្រទេសអាមេនីមិនមានកម្លាំងទាហានជើងទឹក ហើយការធ្វើសង្គ្រាមនោះ ក៏មិនប្រើប្រាស់ដល់កម្លាំងទាហានជើងទឹកនោះឡើយ ដូច្នេះទើបមិនមានការប្រៀបធៀបកម្លាំងទាហានជើងទឹកនៅទីនេះ៕

ដោយ៖ធី រីណា


ចែករំលែក៖