អន្តរជាតិ៖ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា ការចោទប្រកាន់របស់មេដឹកនាំប្រឆាំង Navalny ទៅលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺគ្មានមូលដ្ឋានច្បាស់លាស់ មិនអាចទទួលយកបាន ហើយជាការប្រមាថផងដែរ។ មិនតែប៉ុណ្ណោះលោកPeskov ក៏បានចោទប្រកាន់ត្រង់ៗថា៖ លោក Navavny កំពុងធ្វើការជាមួយភ្នាក់ងារចារកម្មអាមេរិក (CIA)។
ចំណែកលោក Navalny មេដឹកនាំប្រឆាំងរុស្ស៉ីវិញ នៅតែមិនអស់ចិត្តហើយបន្តប្រតិកម្មចំពោះការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលរុស្ស៊ីមកលើលោកថា បម្រើការឲ្យ CIA អាមេរិក ។ ត្រង់ចំណុចនេះ លោកសរសេរលើវេបសាយផ្ទាល់ខ្លួនថា៖«ជាដំបូង ខ្ញុំនឹងប្ដឹងលោក Peskov។ ហើយរឿងទី២ គឺខ្ញុំទាមទារឲ្យមានការបង្ហាញភស្តុតាងនិងការពិតបញ្ជាក់ថា ខ្ញុំពិតជាធ្វើការជាមួយ CIA មែន»។ លោកថែមទាំងឌឺដងទៀតថា លោកអនុញ្ញាតឲ្យក្រុងមូស្គូចាក់ផ្សាយភស្តុតាងលើទូរទស្សន៍។
លើសពីនេះទៅទៀត លោក Navalny បានប្រាប់ទស្សនាវដ្តី Der Spiege ពីការតាំងចិត្តវិលទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ លោកនិយាយដូច្នេះថា៖«កិច្ចការខ្ញុំឥឡូវនេះ គឺរក្សាស្មារតីមិនភ័យខ្លាច។ ហើយខ្ញុំអត់ខ្លាចឡើយ! ប្រសិនបើដៃទាំងទ្វេខ្ញុំញ័រ វាព្រោះតែថ្នាំពុលប៉ុណ្ណោះ, មិនកើតចេញពីភាពភ័យខ្លាចឡើយ។ ខ្ញុំនឹងមិនឲ្យអំណោយទៅលោកពូទីន ដោយការមិនវិលត្រលប់ទៅរុស្ស៊ីវិញឡើយ»។ ហើយការចាត់ទុករបស់លោក Navalny ថាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាអ្នកនៅពីក្រោយផែនការដាក់ថ្នាំបំពុលលោកគ្មានមូលដ្ឋាន ។
សូមជម្រាបថា លោក Navalny បានដឹងស្មារតីឡើងវិញកាលពីថ្មីៗ ក្រោយធ្លាក់ខ្លួនឈឺភ្លាមៗអំឡុងពេលធ្វើដំណើរក្នុងជើងហោះហើរមួយក្នុងទីក្រុងSiberia ហើយត្រូវបានដឹកទៅព្យាបាលនៅទីក្រុង បែរឡាំង នៃប្រទេសអាល្លឺម៉ង់។ គ្រូពេទ្យអាល្លឺម៉ង់ អះអាងថា លោកត្រូវបំពុលដោយថ្នាំប្រភេទNovichok ដែលជាថ្នាំពុលកម្រិតយោធា ហើយត្រូវបានអភិវឌ្ឍដោយអតីតសហភាពសូវៀតក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។
លោក Navalny បានប្រាប់ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiege បែបនេះក្នុងកិច្ចសម្ភាសមួយដែលចុះផ្សាយនៅថ្ងៃទី ១ ខែតុលាម្សិលមិញនេះថា៖ «ខ្ញុំជឿជាក់ថា លោក ពូទីន នៅពីក្រោយឧក្រិដ្ឋកម្មនេះ»។ លោក Navalny បន្ថែមថា លោកគ្មានគិតឃើញរូបភាពអ្វីផ្សេងក្រៅពីនេះទៀតឡើយ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA និយាយថា ពាក់ព័ទ្ធនឹងការវិវត្តចុងក្រោយក្នុងករណីបំពុលលោក Navalny ទីក្រុងមូស្គូ បានអញ្ជើញអ្នកជំនាញពីអង្គការបង្ការអាវុធគីមី(OPCW)ឲ្យទៅកាន់ប្រទេសរុស្ស៊ី ដើម្បីសហការស៊ើបអង្កេតលើបញ្ហានេះ។ ការអញ្ជើញនេះ ធ្វើឡើងក្រោយអាល្លឺម៉ង់កាលពីខែមុនបានស្នើសុំជំនួយពីអង្គការ OPCW លើករណីបំពុលលោក Navalny។
គួរបញ្ជាក់ថា ទាំងអាល្លឺម៉ង់ និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀតបានទាមទារការបកស្រាយពីសំណាក់រដ្ឋាភិបាលរុស្ស៊ីពាក់ព័ន្ធនឹងការឈឺថ្កាត់របស់លោក Navalny ខណៈរុស្ស៊ីអះអាងថាខ្លួនគ្មានរកឃើញភស្តុតាងណាមួយបញ្ជាក់ថាមេដឹកនាំប្រឆាំងត្រូវថ្នាំពុលឡើយហើយក៏បដិសេធជាប់ទាក់ទងក្នុងករណីនេះ៕
ដោយ៖ស តារា