លោកស្រី Kim Yo-jong ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី២ ខែតុលា បានបង្ហាញខ្លួនជាថ្មីតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់កូរ៉េខាងជើង។ សូមបញ្ចាក់ថា លោកស្រី Kim Yo-jong មិនបានបង្ហាញខ្លួនតាំងពីដើមខែកក្កដាមក។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី២ ខែកញ្ញា បានផ្សាយថា លោកស្រី Kim Yo-jong រួមដំណើរជាមួយបងប្រុសគីម ជុងអ៊ុន រួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានទៅត្រួតពិនិត្យ ការអភិវឌ្ឍឡើងវិញនៅតំបន់ដែលរងគ្រោះដោយគ្រោះទឹកជំនន់និងខ្យល់ព្យុះ ។
ការបង្ហាញខ្លួនថ្មីបំផុតរបស់លោកស្រី Kim Yo-jong គឺរួមដំណើរជាមួយបងប្រុសទៅត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់។ តាំងពីពេលនោះមកលោកស្រីមិនដែលបង្ហាញខ្លួនទៀតឡើយ ។ ការអវត្តមានរបស់លោកស្រីKim Yo-jong បានបង្កឲ្យមានពាក្យចចាមអារ៉ាមថា បងប្រុសគីម ជុងអ៊ុនបានកាត់បន្ថយអំណាចក្រោយ មានវិវាទជាមួយកូរ៉េខាងត្បូង ហើយបំផ្ទុះបំផ្លាញអគារទំនាក់ទំនងនៅព្រំដែនទៀតផង។
លោកស្រី Kim Yo-jong មានភាពល្បីល្បាញថាជាអ្នកស្នងតំណែងបងប្រុស ដឹកនាំប្រទេស ក្នុងពេលលោកគីម ជុងអ៊ុន ទៅសម្រាកលម្ហែកាយកាលពីខែមេសា ។ នៅពេលនោះ ក៏មានពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុនវះកាត់បេះដូង។
លោកស្រីKim Yo-jong ត្រូវបានចាត់ទុកថា ជាបុគ្គលមានអំណាច ជាជំនួយការផ្ទាល់របស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការសម្រេចពីគោលនយោបាយការបរទេស។ លោកស្រី តិចបង្ហាញខ្លួននៅមុខមហាជននៅមុនឆ្នាំ២០១០ ហើយចាប់តាំងពីបងប្រុសឡើងកាន់អំណាចដឹកនាំប្រទេសមក លោកស្រីKim Yo-jong ក៏បានជួយជ្រោមជ្រែងដល់បងដឹកនាំប្រទេសឲ្យបានល្អ៕ដោយ៖ធី រីណា