ក្រោយប្រធានាធិបតីអាមេរិកឆ្លងកូវីដ-១៩ និងមន្ត្រីសំខាន់ជាច្រើនរូបទៀតនៅសេតវិមានបានឆ្លងកូវីដ-១៩មក អាមេរិកបានត្រៀមយុទ្ធសាស្ត្រអាក្រក់បំផុតដែលអាចកើតឡើងជាយថាហេតុ។
នៅពេលនេះយន្តហោះ«ថ្ងៃអវសានផែនដី» របស់អាមេរិកបានចាប់ផ្តើមហោះហើរ ក្រោយទទួលបានព័ត៌មានថាប្រធានាធិបតីអាមេរិក និងភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតឆ្លងកូវីដ-១៩ ។ យន្តហោះE-6 Mercury ដែលជាទីបញ្ជាការបរមាណូលើអាកាសរបស់អាមេរិកទុកសម្រាប់ពេលទីតាំងនៅលើដីរងការវាយប្រហារខ្ទេចអស់នោះ ពេលនេះបានចេញប្រតិបត្តិហើយ។ កាលពីពាក់កណ្តាលយប់ថ្ងៃទី១ ខែតុលា(ពេលវេលានៅអាមេរិក) យន្តហោះE-6 Mercury បានហោះហើរនៅតំបន់ឆ្នេរសមុទ្រភាគខាងលិច។
នៅពេលនេះ មជ្ឈដ្ឋានជុំវិញពិភពលោក កំពុងតែចាប់អារម្មណ៍ថា ប្រសិនបើលោកត្រាំ និងអនុប្រធានាធិបតី មិនអាចដឹកនាំប្រទេសបាននោះ តើអ្នកណាជាអ្នកដឹកនាំជំនួស។ តាមច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិក បើប្រធានាធិបតីមិនអាចដឹកនាំបានដោយបញ្ហាណាមួយនោះ អនុប្រធានាធិបតីជាអ្នកជំនួស ហើយបើអនុប្រធានាធិបតីមិនអាចដឹកនាំបាន គឺប្រធានរដ្ឋសភាដឹកនាំជំនួសវិញ។
ប្រសិនបើការឆ្លងរាលដាលដល់តំណាងរាស្ត្រកាន់តែច្រើននោះ ទាំងសភា និងព្រឹទ្ធសភានឹងត្រូវបិទទ្វារ រាល់កិច្ចប្រជុំអនុវត្តគោលនយោបាយសំខាន់ៗត្រូវបានផ្អាក។ ចំណែកសេតវិមានរបស់អាមេរិក ក៏ត្រូវផ្អាកដំណើរការផងដែរ។ ដូច្នេះតើបុគ្គលណាមួយ ស្ថាប័នសំខាន់ណាមួយដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំ មហាអំណាចទីមួយនៅលើពិភពលោកជាបន្តទៀត?
សារព័ត៌មាន Newsweek បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីយោធាដែលមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កម្លាំងទាហានអាមេរិកបានត្រៀមគម្រោងសម្ងាត់ជាបន្ទាន់មួយ ប្រសិនបើកូវីដ-១៩ រាលដាលកាន់តែខ្លាំង ប៉ះពាល់ដល់ ការដឹកនាំប្រទេសជាតិ ហើយមន្ត្រីនៅតាមបណ្តាទីក្រុង រដ្ឋ មិនអាចរក្សាសន្តិសុខសណ្តាប់ធ្នាប់បាននោះ តាមសារព័ត៌មាន Newsweek នៅក្នុងស្ថានភាពអាក្រក់បំផុតនោះកម្លាំងទាហានអាមេរិក នឹងដឹកនាំប្រទេសជាតិ ការពារសន្តិសុខ ៕ដោយ៖ធី រីណា