ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគិតមកដល់ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងដែលបានជន់លិចនៅផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល
បានស្រកចុះបណ្ដើរៗហើយ ក្រោយពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យជាក់ស្តែងនិងបញ្ជាផ្ទាល់ឱ្យប្រើប្រាស់គ្រឿងចក្រកាយបង្ហូរទឹកនៅទីតាំងសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌទាំងពីរនេះ កាលពីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២ ខែតុលាបានចុះទៅពិនិត្យនិងបញ្ជាផ្ទាល់ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌធ្វើការកាយប្រឡាយបើកមុខទឹកនៅចំណុចអមផ្លូវរទេះភ្លើងក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង និងមួយទីតាំងទៀតនៅតាមបណ្ដោយផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិជង្រុក ក្នុងសង្កាត់ត្រពាំងក្រសាំង។
ការប្រើគ្រឿងចក្រកាយបើកមុខទឹក២ទីតាំងនេះ វានឹងនាំទឹកហូរធ្លាក់ទៅប្រឡាយទួលសំពៅ និងបន្តហូរទៅស្ថានីយបូមទឹកទួលសំពៅ ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ និងលោកសេង គន្ធអភិបាលរងខណ្ឌកំបូលនៅព្រឹកថ្ងៃទី៣ ខែតុលានេះបានបញ្ជាក់ដូចគ្នាថា នៅព្រឹកថ្ងៃទី៣ខែតុលានេះ ទឹកជំនន់ទឹកភ្លៀងដែលបានជន់លិចនៅតំបន់ផ្លូវជាតិលេខ ៤ បានស្រកបណ្តើរៗហើយ ពោលគឺក្រោយពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះបញ្ជាផ្ទាល់កាលពីយប់ថ្ងៃទី២ តុលា ខណៈដែលភ្លៀងកំពុងធ្លាក់បណ្តាលឱ្យជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ ពិសេសលើកំណាត់ផ្លូវជាតិលេខ៤ និងក្នុងតំបន់មួយចំនួនក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយពីកាយបើកមុខទឹកនេះតាមចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញគឺមិនយូរទេក្នុងភូមិសាស្ត្រខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យពិសេសលើកំណាត់ផ្លូវជាតិលេខ៤ទឹកនឹងស្រកអស់ជាក់ជាមិនខាន៕ដោយ៖សំរិត