ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​មេធាវី​សិទ្ធិមនុស្ស​មួយ ដាក់​ពាក្យបណ្តឹង​ប្រឆាំង​រដ្ឋបាល​អាមេរិក​របស់លោក​ ត្រាំ ជុំវិញ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទិដ្ឋាការ​លើ​មន្ត្រី​ ICC

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី ខែតុលា ឆ្នាំ២០២០ ក្រុមមេធាវីសិទ្ធិមនុស្សមួយបានដាក់ពាក្យបណ្តឹងប្រឆាំងរដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ត្រាំ ជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ខណៈដែលពួកគេអះអាងថាទណ្ឌកម្មខាងលើគឺជាការរំលោភរដ្ឋធម្មនុញ្ញអាមេរិក

ជាក់ស្តែងស្ថាប័ន Open Society Justice Initiative ដែលជាមជ្ឈមណ្ឌលជំនាញលើបទល្មើសសង្គ្រាម បានដាក់ពាក្យបណ្តឹងទៅតុលាការទីក្រុងញ៉ូវយ ប្រឆាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសម៉ៃ ប៉ុប៉េអូ និងសមាជិករូបផ្សេងទៀតក្នុងរដ្ឋបាលលោកត្រាំ ចំពោះការដាក់ទណ្ឌកម្មលើមន្ត្រី ICC

ចំណែកលោក ប៉ុប៉េអូ កាលពីថ្ងៃទី ខែកញ្ញាកន្លងទៅ បានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើលោកស្រី Fatou Bensouda អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់មួយរូបទៀត មេធាវីសិទ្ធិមនុស្សខាងលើ អះអាងថា បញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រាំដែលអនុញ្ញាតឲ្យដាក់ទណ្ឌកម្មលើតុលាការ បំពានសិទ្ធិធម្មនុញ្ញ ដែលរួមមានសេរីភាពក្នុងការបញ្ចេញមតិ និងរារាំងដើមបណ្តឹងមិនឲ្យចូលរួមគាំទ្រការងារយុត្តិធម៌អន្តរជាតិ

មិនមែនលោកស្រី Bensouda ឡើយ ក្នុងខែមិថុនា កន្លងទៅ រដ្ឋបាលរបស់លោក ត្រាំ សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទិដ្ឋាការទៅលើមន្ត្រីតុលាការអន្តរជាតិដែលមានស្នាក់ការនៅទីក្រុងឡាអេ និងបុគ្គលទាំងឡាយណាដែលគាំទ្រកិច្ចការរបស់តុលាការ ដោយ ជាប់ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតបទល្មើសសង្គ្រាមរបស់ទាហានអាមេរិក នៅអាហ្វហ្កានីស្ថានពីឆ្នាំ២០០៣ដល់២០១៤ ទណ្ឌកម្មខាងលើរួមមានការបង្កកទ្រព្យសម្បត្តិ ចំពោះបុគ្គលរូបណាដែលស៊ើបអង្កេត កាត់ទោសពលរដ្ឋអាមេរិកដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអាមរិ និងរារាំងមិនឲ្យបុគ្គល និងគ្រួសាររបស់គេចូលទឹកដីអាមេរិក

នាយកប្រតិបត្តិរបស់ Open Society Justice Initiative លោក Jame Goldston ក៏បានលើកឡើងក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ខែតុលាថ្មីៗនេះ បាននិយាយថា៖ «​ដោយចេញបញ្ជាដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មាន រដ្ឋបាលរបស់លោក ត្រាំ កំពុងក្បត់ទៅនឹងការគាំទ្ររបស់អាមេរិកចំពោះយុត្តិធម៌អន្តរជាតិ ដោយមិនខ្វល់ពីសម្ព័ន្ធមិត្ត និងបំពានធម្មនុញ្ញអាមេរិក​»​ នេះបើតាមការផ្សាយដោយទីភ្នាក់ព័ត៌មាន Reuters​

បន្ថែមពីនេះលោក Goldston បានបញ្ជាក់ទៀតថា ស្ថាប័នរបស់លោកប្តឹងទៅតុលាការអាមេរិកដើម្បី បញ្ចប់ការវាយប្រហារទៅលើស្ថាប័នយុត្តិធម៌អន្តរជាតិ និងជនរងគ្រោះដែលស្ថាប័ននេះបម្រើការឲ្យ

គួរបញ្ជាក់ថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រតិកម្មថា វិធានការទាំងអស់នោះជាការវាយប្រហារតុលាការ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌពិភពលោក និងនីតិរដ្ឋជាទូទៅ ចំណែកសហភាពអឺរ៉ុប និងក្រុមការពារសិទ្ធិមនុស្ស រិះគន់និងជំទាស់ទណ្ឌកម្មអាមេរិក ដោយអះអាងថាវាប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងក្នុងការទាមទារយុត្តិធម៌ ក្នុងបទល្មើសសង្គ្រាម៕ដោយ៖ស តារា


ចែករំលែក៖