ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប បង្ហាញថា ការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនសរុបទូទាំងប្រទេសចំនួន ៦ ៥០៦០នាក់ គិតដល់ខែមេសា ឆ្នាំ២០២៤ ហើយបង្កការរាំងស្ទះដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ប្តេជ្ញាចិតខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដើម្បីការពារអាយុជីវិតប្រជាជន និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២៥ របស់គណ:កម្មាធិការសកម្មភាពមីនខេត្ដសៀមរាប នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ លោក សំកុល សុចិត្រា អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ចាប់ពីឆ្នាំ១៩៦០ ដល់ចុងឆ្នាំ១៩៩៨ បានបន្សល់ទុកនូវគ្រាប់មីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះជាច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបានបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត។ ប៉ុន្ដែទោះបីកម្ពុជាជួបប្រទះនូវទុក្ខសោកបែបនេះ ក៏ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានា មកដល់ពេលនេះ គ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងៗត្រូវបានធ្វើការបោសសម្អាតស្ទើរតែនៅទូទាំងប្រទេស។

លោក សំកុល សុចិត្រា មានប្រសាសន៍ថា សម្រាប់ខេត្តសៀមរាប ចាប់ពីឆ្នាំ១៩៩២ ដល់ចុងឆ្នាំ២០២៤ បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីសរុបចំនួន ១៥៤ ៣១០ ៨០២ម៉ែត្រការ៉េ ស្មើនឹង១៥ ៤៣១ហិកតា រកឃើញមីនថ្មើរជើង ២ ៥៤៧គ្រាប់ មីនតោន៧២៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទចំនួន ១៨៥ ៣៦៩គ្រាប់ ហើយបានធ្វើការប្រកាសស្រុកចំនួន៣ ក្នុងខេត្ត ជាស្រុកគ្មានមីនគឺ ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រទ្បាញ់កាលពីឆ្នាំ២០២៣។ លទ្ធផលនេះ ក៏ដោយសារកម្ពុជាទទួលបាននូវជំនាញបទពិសោធ និងមានសមត្ថភាពហើយកំពុងធ្វើការចែករំលែកទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងពិភពលោក។

យោងតាមតួលេខរបស់អង្គភាពស៊ីអិមវិស (CMVIS) នៃអាជ្ញាធរមីនកម្ពុជា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ជនរងគ្រោះដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួនសរុប ៤៩នាក់ កើនទ្បើងចំនួន៥៣% បើប្រៀបធៀបរយពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានអត្រាជនរងគ្រោះចំនួន ៣២នាក់។ ចំពោះខេត្តសៀមរាបឆ្នាំ២០២៤ ពុំមានជនរងគ្រោះដោយសារមីនទ្បើយ  ប៉ុន្ដែនៅឆ្នាំ២០២៥ មានចំនួន១ករណី បណ្តាលឱ្យក្មេងស្លាប់ចំនួន០២នាក់៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖